ព័ត៌មានជាតិ

និយាយគ្នាបានតើ! ចាំបាច់អីពូថៅហោះ…

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើហិង្សាដោយចេតនា ទាញពូថៅកាប់ទៅលើជនរងគ្រោះជាម្តាយក្មេក។ កើតហេតុនៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត សំណាង ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ ស៊ីឈ្នួលធ្វើស្មៅ មានទីលំនៅភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង (ត្រូវជាម្តាយក្មេក)។
ចំណែកជនសង្ស័យឈ្មោះ ធុច ធា ហៅអាខ្មៅ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ស៊ីឈ្នួលលើករងបន្លែ ទីលំនៅភូមិ ក្បាលកោះត្បូង ឃុំកោះ
ខ្សាច់ទន្លា ស្រុកស្អាង (ជាកូនប្រសារ)។ វត្ថុតាងដកហូត ពូថៅមួយ ។

មុនពេលកើតហេតុ ឈ្មោះ សាត លាក់ (ត្រូវជាប្រពន្ធឈ្មោះ ធុច ធា) បានប្រាប់ប្តីឲ្យរកការងារធ្វើក្នុងភូមិ ពេលនោះឈ្មោះ ធុច ធា ឆ្លើយតបថា « មានអ្នកណាជួលយើង» ជជែកគ្នាបានបន្តិច ក៏ឈ្មោះ ធុច ធា ជេរបញ្ចោរប្រពន្ធអាស អាភាស នៅផ្ទះរបស់ខ្លួន ពេលជាមួយគ្នានោះ ឈ្មោះ សាត សំណាង ដែលកំពុងសម្រាកលើអង្រឹងក្នុងផ្ទះរបស់ខ្លួន ក៏ឆ្លើយតបថា «កុំជេរបញ្ចោរខ្លាំងពេកលោកអើយ» ស្រាប់តែឈ្មោះ ធុច ធា ជេរបញ្ចោរអាស
អាភាសមកលើម្តាយក្មេក និងបានយកពូថៅ គប់សំដៅ មកផ្ទះជនរងគ្រោះធ្លាយជញ្ជាំងធ្វើអំពីក្រដាសប្រអប់ស្រាបៀរ បណ្តាលឲ្យត្រូវក្បាល នឹងដងពូថៅ ពកក្បាលមួយកន្លែង ។

រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩ ព្រឹក ទើបជនរងគ្រោះ មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះខ្សាច់ទន្លា ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍បានហៅជនសង្ស័យមកសាកសួរ និងឃាត់ខ្លួន ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់