កណ្តាលៈ ចាត់ទុកថាជារឿងមិនធ្លាប់មានមួយដែរ ដែលរឿងក្ដីបុរសជនជាតិបារាំងម្នាក់ជាប់ចោទពីបទ «ទិញពេស្យាចារកុមារជាច្រើននាក់» បានអូសបន្លាយពេលជិត២ឆ្នាំហើយ ត្រូវបានតុលាការខេត្តកណ្ដាលបើកសវនាការជាបន្តបន្ទាប់ប្រមាណ២០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល ។
សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នេះ បន្តសវនាការរឿងក្ដីជនជាប់ចោទឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន វុទ្ធី លោក គឹម ម៉េង ជាសមាជិក និង លោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ ។
ក្រោយការសាកសួរ តុលាការសម្រេចបន្តសវនាការ ទៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះវិញ។
មន្ត្រីពន្ធនាគារ ថ្លែងថា សវនាការនេះធ្វើឡើងជាង១០លើកហើយ តែមន្ត្រីតុលាការដឹងរឿង បញ្ជាក់ថា សវនាការនេះធ្វើឡើងប្រមាណ២០លើកហើយ ។
គួររំលឹកថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ការឃាត់ខ្លួននេះបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យបានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកុមារដោយការអូសទាញលួងលោមផ្តល់ ចំណីនិងឲ្យលុយបន្តិចបន្តួច។
មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យ ប្រើវិធីអូសទាញលួងលោមផ្តល់ជាសម្ភារៈថវិកា ដើម្បីបានរួមភេទហើយមានកុមារចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង ៕
មតិយោបល់