(បន្ទាយមានជ័យ)៖ ផ្ទះសង្ក័សីចំនួន ៣៥៦ខ្នង ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងស្រុកអូរជ្រៅ ក្រោយការជួសជុលរួចជាស្ថាពរ។
ការប្រគល់ជូននេះ ធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណផ្សារអូរជ្រៅថ្មី ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ថ្លែងការសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៧២០នាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានពាំនាំយកការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើរឲ្យពលរដ្ឋដែលទទួលបានផ្ទះថ្មីសូមឲ្យចេះថែរក្សាឲ្យយូរអង្វែង ត្រូវចេះប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាភ្លើង ព្រោះអីបច្ចុប្បន្ននេះជារដូវរីងស្ងួត ក្តៅហែង ហើយវាងាយនឹងបង្កការឆេះឆាបខ្លាំងណាស់។
ក្នុងនោះពលរដ្ឋចំនួន៣៥៦ខ្នងផ្ទះរស់នៅស្រុកអូរជ្រៅ ទទួលបានកន្ទេល១ ម៉ុង១ ឆ្នាំងបាយ១ ចានបាយ១ឈុត ទឹកស៊ីអ៊ិវ ទឹកត្រី អំបិល ប៊ីចេង នំធុង សារុង១ ក្រមា១ និងថវិការមួយចំនួន។
សម្រាប់ពលរដ្ឋ និវត្តន៍ជន និងអតីតយុទ្ធជនចំនួន១២១នាក់ ទទួលបាន សារុង១ វែនតា១ និងថវិការមួយចំនួន ។សម្រាប់ពលរដ្ឋចូលរួមចំនួន២៤៣នាក់ទទួលបានសរុង១ និងថវិកាមួយចំនួន៕
មតិយោបល់