ព័ត៌មានជាតិ

ដាក់អន្ទាក់ខ្សែលួសអាគុយ ឆក់សត្វកណ្តុរខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង

កណ្តាលៈ បុរសជនជាតិវៀតណាមម្នាក់ ត្រូវខ្សែភ្លើងអាគុយ ដែលខ្លួនបង្កៃឆក់សត្វកណ្តុរ ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២៖០៥នាទី កណ្តាលអធ្រាត្រថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចំការពោត ភូមិភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡេ យ៊ាំងយ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៦យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅរាយខ្សែលួសដាក់ឆក់កណ្ដុរនៅលើដីចម្ការពោតខាងក្រោយផ្ទះរបស់ខ្លួន រួចក៏មកដេកនៅផ្ទះរបស់ខ្លួនវិញ លុះវេលាយប់ជ្រៅ ជនរងគ្រោះបានចេញទៅមើលខ្សែឆក់កណ្ដុរវិញ រហូតដល់វេលាម៉ោង១២៖០៥នាទីយប់ ឆ្លងចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ឪពុកក្មេកជនរងគ្រោះឈ្មោះ ប្រាក់ ហា បានភ្ញាក់ពីដេកមើលទៅដីចម្ការពោត ក៏ឃើញអំពូលភ្លើងអាគុយកន្លែងចាប់ខ្សែលួសឆក់កណ្ដុរមានសភាពភ្លឺក្រហមខ្លាំង ក៏សួរទៅកូនស្រីឈ្មោះ ហា វ៉ាន់ ត្រូវជាប្រពន្ធជនរងគ្រោះថា ប្ដីឯងមានទៅមើលខ្សែឆក់ទេ? ឈ្មោះ ហា វ៉ាន់ ឆ្លើយថា ទៅមើលបាត់ហើយ ពេលឮដូច្នេះ ឈ្មោះ ប្រាក់ ហា ក៏ដើរទៅដោះខ្សែលួសចេញពីក្បាលអាគុយ រួចក៏មើលតាមខ្សែលួសដល់ចុងដីចម្ការ ក៍ឃើញជនរងដួលផ្កាប់មុខស្លាប់លើខ្សែលួស និងមានស្នាមឆក់ខ្លោចលើភ្លៅ និងកំភួនជើងទៀតផង រួចក្រុមគ្រួសារបានយកសាកសព អាគុយយកមកផ្ទះ ឯដុំអាំងវ៉ិចទ័រ ត្រូវឪពុកក្មេកជនរងគ្រោះបោះចូលក្នុងទឹកស្ទឹងខ្នាតាំយូ បាត់រកពុំឃើញ។

ក្រោយទទួលបានព័ត៌មានផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មាការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងផ្នែកជំនាញ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីឃាតកម្មទ្បើយ។ ជនរងគ្រោះ គឺពិតជាឆក់ចរន្តភ្លើងអាគុយ បណ្តាលឲ្យស្លាប់ដោយខ្លួនឯងប្រាកដមែន។

ក្រោយការពិនិត្យរួច សមត្ថកិច្ចបានអនុញ្ញាតប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-22_17-02-19 photo_2016-05-22_17-02-22 photo_2016-05-22_17-02-24 photo_2016-05-22_17-02-31 photo_2016-05-22_17-02-33 photo_2016-05-22_17-02-35 photo_2016-05-22_17-02-37 photo_2016-05-22_17-02-39 photo_2016-05-22_17-02-42

មតិយោបល់