ភ្នំពេញៈ ករណីហិង្សាមួយបានកើតឡើងទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចយ៉ាងខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅប្រឆិតខាងត្បូងវិទ្យាល័យ ជា ស៊ីមសាមគ្គី ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ អូ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្បែរកន្លែងកើតហេតុ ដោយធ្លាប់បែកថ្នាំ និងត្រូវម្ដាយចាប់ដាក់មណ្ឌលកែប្រែកន្លងរួចមកហើយ។ ចំណែកយុវជនរងគ្រោះមានឈ្មោះ រិន ចាន់ អាយុ២៤ឆ្នាំ មុខរបរកម្មករលើកបន្លែ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានបងប្អូនបក្សពួកជនរងគ្រោះមាន២នាក់ទៀត ទី១ឈ្មោះ សល់ សាម៉ុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរចាប់ហ៊ួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ (ជាអ្នកកាន់កាំបិតនិងដំបងជ្រុង) ទី២ឈ្មោះ ហួរ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលើបន្លែ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមសម្ដីយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខមកពីផ្ទះជួល បំណងមកយាមផ្ទះបងប្អូននៅកន្លែងកើតហេតុ ពីព្រោះបងប្អូនដែលជាម្ចាស់បន្ទប់លក់ចាប់ហ៊ួយ បានជាប់រវល់ទៅកម្មវិធីជប់លៀង ខណៈពេលដែលជនរងគ្រោះមកដល់ផ្ទះបន្ទប់បងប្អូន ស្រាប់តែបន្ទប់នោះបានចាក់សោរជាប់មិនអាចចូលបាន។ បន្ទាប់មកជនរងគ្រោះក៏បានអង្គុយលេងនៅមុខបន្ទប់ជាកន្លែងកើតហេតុ គ្រានោះក៏មានយុវជនបង្កឈ្មោះ អូ សីហា ដែលជនរងគ្រោះមិនធ្លាប់ស្គាល់ពីមុនមក បានដើរមកខ្ចីម៉ូតូជិះ តែយុវជនរងគ្រោះមិនឲ្យ រួចយុវជនបង្កក៏បានដើរចេញទៅយកដុំឥដ្ឋការ៉ូ មកវាយក្បាលយុវជនរងគ្រោះបណ្ដាលឲ្យបែកក្បាលចេញឈាម រងរបួសស្រាល ភ្លាមនោះយុវជនរងគ្រោះក៏បានស្រែកឲ្យបងប្អូនរបស់គាត់នៅក្បែរនោះជួយ។ បន្ទាប់មក បក្សពួកយុវជនរងគ្រោះខាងលើបានចេញមកហើយយកកាំបិតនិងដំបងឈើជ្រុងរៀបនឹងកាប់ចាក់គ្នា តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងសាឡាងចុះជួយអន្តរាគមន៍ ដកហូតកាំបិតនិងឈើជ្រុងពីបក្សពួកជនរងគ្រោះទាន់ពេលវេលា។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងសាឡាងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដែលជាម្ចាស់ទឹកដី ឲ្យចុះមកដឹកយកបក្សពួកជនរងគ្រោះ រួមទាំងជនបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់