ព័ត៌មានជាតិ

ករណីឃាតកម្ម ឪពុកបង្កើតសម្លាប់កូនខ្លួនឯង ផ្អើលនៅស្រុកកណ្ដាលស្ទឹង

កណ្តាលៈ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)។

វត្ថុតាងចាប់យក៖
– ដំបងដែកបួនជ្រុងប្រហោង ក្នុងរាងជាលេខ៧ប្រវែង ១.១០x២.៥ សង់ទីម៉ែត្រ មានប្រឡាក់ឈាម ។
– ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២x៦ សង់ទីម៉ែត្រ។
– អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និងខោខ្លីប្រភេទកីឡា ពណ៌ទឹកដោះគោ មានឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើសកម្មភាព។

ស្ថានភាពសពជនរងគ្រោះ
-សភាពសាកសព ដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ។
– មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ ៦ កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូបការគេ ជាមួយចៅស្រីអាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ៨និង១០នាទីយប់ ទើបត្រឡប់មកផ្ទះវិញ ដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។ ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២រំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យជាឪពុក រួចជនសង្ស័យបានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះ ស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតពេលជនរងគ្រោះ ដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមនីតិវិធី៕

មតិយោបល់