ភ្នំពេញៈ លោកស្រី កែវ មុនីចិន្តា បានសំណូមពរយ៉ាងទទូច សុំឲ្យអាជ្ញាធរពន្លឿនចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនដល់គាត់ ដែលទិញពីប្រជាពលរដ្ឋក្នុងអំឡុងឆ្នាំ១៩៩០។ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦នេះ លោកស្រីបានលើកឡើងថា ដីរបស់គាត់បច្ចុប្បន្ន ស្ថិតនៅតាមបណ្តោផ្លូវសម្តេចជាស៊ីម ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានទំហំ ១៣,១៨៣ម៉ែត្រការ៉េ ដែលគាត់បានទិញពីប្រជាពលរដ្ឋចំនួន៥គ្រួសារ ក្នុងអំឡុងឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់នៅឡើយ។
លោកស្រី កែវ មុនីចិន្តា បន្តថា ដីដែលគាត់ទិញនេះ ពីដើមឡើយ គឺជាដីស្រែដែលប្រជាពលរដ្ឋបង្កបង្កើនផល ក្រោយពីទិញដីនេះបានហើយ កាលពីឆ្នាំ១៩៩៤ រូបគាត់ និងស្វាមីឈ្មោះ សំ មេន បានកសាងជាទួលអាស្រមព្រះជិនស្រី ទុកសម្រាប់ឲ្យប្រជាពលរដ្ឋគោរពបូជា ព្រមទាំងបានកសាងរូបព្រះពុធមដិមាករផ្សេងៗ ដូចជាអាស្រមព្រះមុន្នីឥសី អាស្រមព្រះនរាយ និងអាស្រមផ្សេងៗទៀត។
លោកស្រីបានប្រាប់ទៀតថា លុះមកដលអំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ លី សឹង្ហ ភេទប្រុស អាយុ៥៥ឆ្នាំ ជានាយទាហានម្នាក់ ដែលបច្ចុប្បន្នស្នាក់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ បានមកចោទប្រកាន់លោកស្រីថា ជាអ្នកចាំដីឲ្យគាត់ បែរជាលួចដីយកទៅលក់ទៅវិញ ហើយចុងក្រោយបានប្រាប់ទៀតថា ដីនេះគាត់បានទិញចូលគ្នាជាមួយបងស្រី។ តាមការពិតលោកស្រី គាត់មានលិខិតទិញលក់ពីប្រជាពលរដ្ឋចំនួន៥គ្រួសារ ត្រឹមត្រូវ គឺទី១ឈ្មោះ គួ សារឿន ទី២ឈ្មោះ គ្រួច ម៉ៅ ទី៣ឈ្មោះ នួន ប៉ាវ ទី៤ឈ្មោះ សុខ សំខាន់ និងទី៥ ពុំបានធ្វើលិខិតទិញលក់ត្រឹមត្រូវទេ ដោយសំអាងថា ជាកូនក្មួយ។
ជុំវិញបញ្ហានេះ លោក លី សឹង្ហ បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា លោកមិនអាចបកស្រាយអ្វីវែងឆ្ងាយទេ ព្រោះលោកជាមន្ត្រីយោធា ទុកឲ្យស្ថាបនពាក់ព័ន្ធអនុវត្តតាមច្បាប់ចុះ៕
មតិយោបល់