កណ្តាល: បុរសម្នាក់ដេកស្រមុកខុសធម្មតា ប្រពន្ធលឺក៏អង្រួនខ្លួនដាស់ឲ្យក្រោកឡើង តែជនរងគ្រោះមិនឆ្លើយតបត គាត់បានហៅម្តាយ បងប្អូននិងអ្នកជិតខាង មកជួយធ្វើចលនា សង្គ្រោះជនរងគ្រោះ តែជនរងគ្រោះនៅតែពុំដឹងខ្លួន ក៏ឲ្យបងប្អូនទៅហៅគ្រូពេទ្យ លុះគ្រូពេទ្យមកដល់ពិនិត្យមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារបានរាយការណ៍ទៅអជ្ញាធរមូលដ្ឋាន។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង ភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
បុរសជាជនរងគ្រោះឈ្មោះ ហ៊ុត សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកគ្រឹះស្ថានក្រេដ ស្ថិតនៅ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទីលំនៅ ភូមិព្រែកភូមិ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ផន ដា ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩និង១០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រូបគាត់ កូននិងជនរងគ្រោះ បានសំរាកជាមួយគ្នាក្នុងមុង។ លុះនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ គាត់ភ្ញាក់ឡើង លឺប្តីដែលជាជនរងគ្រោះដេកស្រមុកខុសធម្មតា ក៏អង្រួនខ្លួនដាស់ឲ្យក្រោកឡើង តែជនរងគ្រោះមិនឆ្លើយតបតជាមួយគាត់ ពេលនោះគាត់បានហៅម្តាយរបស់ខ្លួន បងប្អូននិងអ្នកជិតខាង មកជួយធ្វើចលនា សង្គ្រោះជនរងគ្រោះ តែជនរងគ្រោះនៅតែពុំដឹងខ្លួន ក៏ឲ្យបងប្អូនទៅហៅគ្រូពេទ្យ លុះគ្រូពេទ្យមកដល់ពិនិត្យមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារបានរាយការណ៍ទៅអជ្ញាធរមូលដ្ឋាន។ ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ គ្រូពេទ្យផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណីឃាត្តកម្មទ្បើយ។ តាមការសន្និដ្ឋាន របស់គ្រូពេទ្យ គឺជនរងគ្រោះ ពិតជាខ្យល់គរ គាំងបេះដូង បណ្តាលឲ្យស្លាប់ប្រាកដមែន។
ក្រោយកើតហេតុ បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់