ព័ត៌មានជាតិ

បង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតម៉ូតូ៧គ្រឿង!

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅទីតាំងជល់មាន់ មួយកន្លែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតមាន់ជល់ចំនួន ៤ក្បាល និងម៉ូតូចំនួន ៧គ្រឿង។

ប្រតិបត្តិការនេះ គឺធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ទី១៧ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចក្រោមដើមអំពិលទឹកបារាំង ក្នុងដីឡូត៍ទុកចោល ផ្លូវលំ ក្រុម៤ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ឈ្មោះ យ៉ វ៉ាំងជុគ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តថា ដោយនៅក្នុងប្រតិបត្តិចុះបង្ក្រាបនេះដែរ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងជល់មាន់ខាងលើ ដោយក្នុងនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងបានដកហូតមាន់ជល់ចំនួន ៤ក្បាល, ខ្នាយដែកចំនួន ១គូរ, កន្ត្រកសម្រាប់ច្រកមាន់ចំនួន ៥ និងម៉ូតូចំនួន ៧គ្រឿង។

សមត្ថកិច្ចបានបន្តទៀតថា ដោយឡែកចំពោះការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយកត្តាភូមិសាស្រ្តមិនអំណោយផល ផ្លូវចូលមានសភាពតូចអង្អៀត ឆ្ងាយពីផ្លូវលំបត់ចូល និងមានជង្ហុកច្រើន ជុំវិញទីតាំងប្រព្រឹត្តសកម្មភាព សុទ្ធតែជាប្រឡាយអមដោយបឹង មានភក់ ងាយស្រួល នឹងអំណោយផលសម្រាប់ការរត់គេចខ្លួន ទើបធ្វើឲ្យកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានតែជនសង្ស័យម្នាក់។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់