ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ ត្រូវជនមិនស្គាល់មុខកាប់ប្រហារចំក្បាលធ្លាយខួរ

ស្ទឹងត្រែងៈ យុវជនម្នាក់ចេញពីរាំលេងក្នុងក្លិប កាឡាក់ស៊ី ត្រូវបានជនមិនស្គាល់មុខមួយក្រុមស្ទាក់កាប់ចំនួនបីកាំបិតបែកលលារក្បាលរហូតដល់ឃើញខួររងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពែទ្យបង្អែកខេត្តភ្លាមៗ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២:០០នាទីយប់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៦ ត្រង់ចំណុចខារ៉ាអូខេយីហោកាឡាក់ស៊ី ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ចំពោះករណីនេះ គ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផង អឹម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី បច្ចុប្បន្នស្នាក់នៅ ភូមិឃុំ ដែលកើតហេតុខាងលើ។

លោកបន្តថា ក្រោយពីទទួលដំណឹងថា ប្អូនរបស់គាត់ត្រូវគេកាប់ គាត់ក៏នាំគ្នាមកកន្លែងកើតហេតុ ពេលមកដល់ស្រាប់តែឃើញប្អូនខ្លួនឯងត្រូវគេកាប់ជាច្រើន កាំបិត គាត់ក៏យកទៅមន្ទីពែទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ។
ពួកគាត់បញ្ជាក់ថា ពេលដែលយកអ្នករបួសទៅដល់ក្នុងបន្ទប់ពិនិត្យជំងឺភ្លាម គាត់ក៏បានឃើញគ្រូពែទ្យម្នាក់មកលាងរបួសឲ្យប្អូនរបស់គាត់ ប៉ុន្តែមិនបានដេរស្បែកក្បាលដែលរយះចេញខួរនោះទេ លាងរបួសនឹងព្យួរសារ៉ូមមួយប្លោករួចក៏ចេញទៅក្រៅបាត់ លុះព្រឹកឡើង ដោយសារតែស្ថានភាពអ្នកជំងឺ និងមុខរបួសធ្ងន់ធ្ងរពេក បងប្អូនជនរងគ្រោះក៏សម្រេចចិត្តបញ្ជូនជនរងគ្រោះទៅមន្ទីពែទ្យបង្អែកក្រុងបានលុង ខេត្តរតនគីរី ដើម្បីដេរមុខរបួស រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាមតែម្តង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញជនរងគ្រោះបានចូលទៅរាំលេងក្នុងក្លិប(កាឡាក់ស៊ី) ក្រោយមកពួកគាត់បានឃើញយុវជនមួយក្រុមចេញមកក្រៅដើរទៅ ដើរមក ទំនងជាចាំស្ទាក់វាយនណាម្នាក់អញ្ចឹង។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងឌុបគ្នាបីនាក់ចេញពីក្លិប ភ្លាមៗនោះ ស្រាប់តែឃើញយុវជនមួយក្រុមដែលចេញមកឈរចាំខាងក្រៅនោះ ទាញកាំបិតកាប់ទៅលើជនរងគ្រោះដែលជិះពីក្រោយជាច្រើនកាំបិទ បណ្តាយឲ្យត្រូវចំច្រមុះ និងលលារក្បាលបែកធ្លាយខួររងរបួសធ្ងន់
ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តភ្លាមៗ ចំណែកឯក្រុមជនបង្ក បន្ទាប់ពីបង្កររឿងរួចមក ក៏បានដាក់មេប្រូចផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចតាមស្វែងរក ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា ក្លិបកម្សាន្ត កាឡាក់ស៊ី ខាងលើនេះ មានសន្តិសុខយាមកានជិតដប់នាក់ ប៉ុន្តែ ករណីវាយតប់ នឹងដេញកាប់គ្នា បានកើតឡើងស្ទើរតែរាល់យប់តែម្តង ចំណែកជនបង្កមិនឃើញសមត្ថកិច្ចណាចាប់បានម្តងឡើយ៕

photo_2016-05-23_08-03-32 photo_2016-05-23_08-04-01 photo_2016-05-23_08-04-00 photo_2016-05-23_08-03-33 photo_2016-05-23_08-03-31

មតិយោបល់