ភ្នំពេញ: នៅក្នុងព្រឹត្តិការណ៍បន្តផ្ទាល់ The Voice Cambodia សប្ដាហ៍ទី២ កាលពីយប់ថ្ងៃទី២២ ឧសភា បេក្ខភាពសំឡេងខ្លាំងកញ្ញា រ៉េត ស៊ូហ្សាណា បានឆ្លងផុតការប្រកួតដ៏ស្វិតស្វាញនោះហើយ បន្ទាប់ពីមានអ្នកបោះឆ្នោតឲ្យនាងច្រើននាំមុខគេ ក្នុងក្រុមរបស់កញ្ញា ដើម្បីឲ្យនាងទៅកាន់វគ្គបន្ត។ យ៉ាងណាមិញ គេកត់សម្គាល់ថាការរិះគន់ ចំពោះនាងក៏កើតមានច្រើនដែរ បើទោះជា ឱក សុគន្ធកញ្ញា ក៏សារភាពថាមិនអាចច្រៀងបទបរទេសបានល្អដូចនាង។
ការប្រលងចម្រៀងដែលត្រូវគេមើលឃើញថា កាន់តែមានភាពស្វិតស្វាញនោះ បេក្ខនារី រ៉េត ស៊ូហ្សាណា ក៏ត្រូវគេចាត់ទុកថា ជាបេក្ខភាពដែលមិនអាចមើលស្រាល លើទឹកដមសំឡេងម្នាក់មិនគួរជឿ។ នាងបានជ្រើសយកបទ «My Heat will go on» ដែលជាបទល្បីល្បាញ និងមានសំឡេងខ្លាំងរបស់បរទេសយកមកប្រលងក្នុងវគ្គ Live Show ដោយត្រូវបានមហាជនជាច្រើនគាំទ្រ និងកោតសរសើរ។
ក្នុងនោះសូម្បីតែ Coach ទាំង៤ក៏បានបង្ហាញការភ្ញាក់ផ្អើល ចំពោះទឹកដមសំឡេងរបស់នាង ក្នុងការបកស្រាយបទចម្រៀងនាពេលនោះដែរ ជាពិសេសគឺតុងភាសាអង់គ្លេសរបស់នាងតែម្ដង។ ឱក សុគន្ធកញ្ញា បានអះអាងថារ៉េត ស៊ូហ្សាណា គឺជាកូនខ្មែរតែអាចបញ្ចេញសំលេង ជាភាសាបរទេសបានល្អ ដោយសូម្បីនាងខ្លួនឯង ក៏មិនអាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានល្អដូចហ្សាណាដូច្នោះដែរ។
យ៉ាងណាមិញ បើក្រឡេកមើលលើបណ្ដាញហ្វេសប៊ុកវិញ ក៏មានអ្នកមិនពេញចិត្តចំពោះនាង ក្នុងការបកស្រាយបទចម្រៀង ជាបរទេសដដែលៗនាយប់នោះដូចគ្នា ដោយពួកគេម្នាក់ៗ បានសរសេរបង្ហោះថា ហ្សាណា ធ្វើឲ្យអ្នកគាំទ្រខកចិត្ត ព្រោះតែនាងមិនព្រមបកស្រាយបទខ្មែរ ឲ្យមហាជនបានស្គាល់ពីសមត្ថភាពរបស់នាង ក្រៅពីច្រៀងបទអង់គ្លេសបានម្ដង ក្នុងពេលដែលបេក្ខភាពខ្លាំងៗ ក្នុងសំនៀងបទជាភាសាអង់គ្លេសផ្សេងទៀត សុទ្ធតែដូតទម្រង់ច្រៀង ហើយធ្វើឲ្យអ្នកគាំទ្រកោតសរសើរលើសលប់។
អ្នកលេងហ្វេសប៊ុកមួយចំនួន បានប៉ាន់ស្មានថា នាងច្រៀងល្អតែបទបរទេសប៉ុណ្ណោះ ចំណែកបទខ្មែរពិតជាមិនអាចបកស្រាយបានល្អនោះទេ ទើបនាងមិនព្រមយកបទខ្មែរណាមួយ មកច្រៀងក្នុងកម្មវិធី The Voice មកទល់នឹងវគ្គ Live Show នោះ។ បើទោះជារ៉េត ស៊ូហ្សាណា បានច្រៀងបង្ហោះបទខ្មែរ នៅលើគណនេយ្យផ្ទាល់ខ្លួនរបស់នាង មុននោះឲ្យឃើញពីសមត្ថភាពក្ដី ក៏អ្នកគាំទ្រនៅតែយល់ថា នាងគឺមានចំណុចខ្សោយលើបទចម្រៀងជាភាសាខ្មែរ ទើបនាងនៅតែបន្តជ្រើសយកបទបរទេសមកបង្ហាញ។
ឆ្លើយតបនឹងការរិះគន់នេះ រ៉េត ស៊ូហ្សាណា មិនបានបង្ហាញឲ្យឃើញពីប្រតិកម្មនោះទេ ប៉ុន្តែនៅលើគណនេយ្យមួយបានសរសេរបង្ហោះថា «ការប្រកួតសំលេងមិនមែនប្រកួតចម្រៀងភាសាទេ ញុំគាំទ្រសំលេងបស់ ហ្សាណា ប៉ុន្តែញុំក៏ចង់ឃើញហ្សាណាច្រៀងចម្រៀងភាសាខ្មែរនៅលើឆាក The Voice Cambodia ដែរព្រោះហ្សាណាច្រៀងតែបទបរទេស! ញុំជឿជាក់ថាប្រសិនបើ ហ្សាណា ច្រៀងបទភាសាខ្មែរថ្ងៃនេះ អាចនឹងមានការគាំទ្រច្រើនពីទស្សនិកជន ជូនពរឲ្យ Reth Suzana ជាប់ទៅវគ្គបន្តទៀត!»។
ដោយសារតែភាពចម្រូងចម្រាស់នេះហើយ ដែលគេកត់សម្គាល់ថា រ៉េត ស៊ូហ្សាណា បានឡើងទៅកាន់វគ្គបន្តក្រោមការគាំទ្រផង និងរិះគន់ផង៕
https://youtu.be/aChFJ4qb_2M
https://www.youtube.com/watch?v=FHG2oizTlpY
មតិយោបល់