ព័ត៌មានជាតិ

ចុម! សិស្សប៊ែលធីកាប់សិស្សប៊ែលធី ម្ខាងចូលពេទ្យ ម្ខាងទៀតចូលគុក!!

កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា។

កើតហេតុនៅវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនសេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ សាត មុនីកូនីន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សិស្សសាលាប៊ែលធី។

ចំណែកជនសង្ស័យ៣នាក់ ទី១ឈ្មោះ សេង ថមមី ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែកកាត់សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សសាលាប៊ែលធី(ឃាត់ខ្លួន) ,ទី២ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ ទីលំ
នៅរាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) និងទី៣ មិនស្គាល់អត្តសញ្ញាណ និងទីលំនៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងជាមួយមិត្តភក្តិនៅកន្លែងកើតហេតុខាងលើ ពេលនោះស្រាប់តែក្រុមជនជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាក ឡេត ពណ៌ស លាយក្រហម មកឈប់ ហើយជនសង្ស័យឈ្មោះ សេង ថមមី ដែលអង្គុយខាងក្រោយបានកាន់ដាវចុះពីលើម៉ូតូ ដើរទៅកាប់ជនរងគ្រោះ ៣ដាវ បណ្តាលឲ្យរងរបួសរយះ ត្រង់ក្បាលចំហៀងខាងឆ្វេង ដៃខាងឆ្វេង និងចង្កេះ ហើយជនសង្ស័យ ក៏បានបើកម៉ូតូគេចខ្លួនបាត់ ។
ចំណែកឯ ជនរងគ្រោះ ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ច ក៏បាន ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សេង ថមមី ចំណែកបក្ខពួកបានគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះពិតប្រាកដមែន ដោយសារកាលពីកន្លះខែមុន ជនរងគ្រោះនិងបក្ខពួកធ្លាប់បានវាយខ្លួនទើបខ្លួនតាមសងសឹក៕

មតិយោបល់