ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងការបរទេស​​ចិន ប្រាប់ទៅ ​លោក​ Antony​ Blinken ថា សហគមន៍​អន្តរជាតិ​គួរតែ​ធ្វើការ​ជាមួយ​មេដឹកនាំ​តា​លី​បង់​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

(Reuters)​ -​ កាលពី​ថ្ងៃអាទិត្យ​ សមាជិក​ប្រឹក្សា​រដ្ឋ​ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​ចិន​លោក​ Wang​ Yi​ បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony​ Blinken​ តាម​ទូរស័ព្ទ​ថា​ សហគមន៍​អន្តរជាតិ​គួរតែ​ធ្វើការ​ជាមួយ​មេដឹកនាំ​តា​លី​បង់​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ “​ណែនាំ​ពួក​គេ​តាម​បែប​វិជ្ជមាន​”​។​

​ដោយ​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការ​មួយ​ លោក​ Wang​ បាន​និយាយ​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គួរតែ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ និង​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ជួយ​ឲ្យ​របប​ថ្មី​ និង​រដ្ឋាភិបាល​ដំណើរការ​ជា​ធម្មតា​ ក្នុង​ការ​រក្សា​ស្ថិរភាព​សង្គម​ បញ្ឈប់​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​ និង​ការ​កើនឡើង​នៃ​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។​

​លោក​ Wang​ បាន​និយាយ​ថា​ “​ខណៈ​ដែល​កំពុង​គោរព​អធិបតេយ្យភាព​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ សហរដ្ឋអាមេរិក​គួរតែ​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ និង​បញ្ឈប់​អំពើ​ហិង្សា​ជា​ជាង​មានការ​លំអៀង​ ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ដោយ​ផ្តោត​តែ​ក្រុម​ណាមួយ​ ដោយ​លោក​ បាន​ព្រមាន​ថា​ “​ការ​ដកថយ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​”​ អាច​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវ​ករ​ “​ប្រមូលផ្តុំ​គ្នា​ឡើង​វិញ​ ហើយ​កាន់តែ​ខ្លាំង​”​ ។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​និយាយ​ថា​ ការ​ទាក់ទង​តាម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Ned​ Price​ បាន​និយាយ​ថា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Blinken​ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ប្រទេស​ចិន​លោក​ Wang​ បាន​និយាយ​ពី​ “​សារៈសំខាន់​នៃ​សហគមន៍​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ក្រុម​តា​លី​បង់​ទទួលខុសត្រូវ​ចំពោះ​ការ​ប្តេជ្ញា​ចិត្តជា​សាធារណៈ​ ដែល​ទាក់ទង​នឹង​ដំណើរ​ឆ្លងកាត់​ប្រកបដោយ​សុវត្ថិភាព​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ និង​ជនបរទេស​”​ ។​

​មុន​ពេល​ដែល​មាន​ភាព​ច្របូកច្របល់​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ មន្ត្រី​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ការ​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ផ្តល់​ពេលវេលា​ និង​ការ​យកចិត្តទុកដាក់​របស់​មេដឹកនាំ​នយោបាយ​ និង​យោធា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​យោធា​មួយ​ចំនួន​ដើម្បី​ផ្តោត​លើ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ និង​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​ ដែល​រដ្ឋបាល​ប្រធានាធិបតី​ សហរដ្ឋអាមេរិក​លោក​ Biden​ បាន​ប្រកាស​ជា​អាទិភាព​គោលនយោបាយ​ការ​បរទេស​របស់​ខ្លួន​។​

​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​បាន​បង្ហាញ​ការ​ដកទ័ព​ចេញ​ ដែល​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​គាំទ្រ​សម្ព័ន្ធមិត្ត​ដោយ​មិន​ស្មោះត្រង់​។​

​ប្រទេស​ចិន​មិន​ទាន់​ទទួលស្គាល់​ក្រុម​តា​លី​បង់​ជា​មេដឹកនាំ​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅឡើយ​ទេ​ ប៉ុន្តែ​កាលពី​ខែ​មុន​ លោក​ Wang​ Yi​ បាន​ទទួល​លោក​ Mullah​ Baradar​ ប្រធាន​ការិយាល័យ​គោលនយោបាយ​របស់​ក្រុម​នេះ​ ហើយ​បាន​និយាយ​ថា​ ពិភពលោក​គួរតែ​ណែនាំ​ និង​គាំទ្រ​ប្រទេស​នេះ​នៅ​ពេល​ដែល​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ថ្មី​ជា​ជាង​ការ​ដាក់​សម្ពាធ​ ៕

មតិយោបល់