ព័ត៌មានជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រឡាយរំដោះទឹកតាមផ្លូវចូលប្រាសាទបន្ទាយស្រី

ភ្នំពេញៈ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណ នៃប្រាសាទបន្ទាយស្រី ដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។

លោក សារាយ គឹមហួល អ្នកជំនាញបុរាណវិទ្យា បានឲ្យដឹងកាពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ថា កូនប្រឡាយតូច ដែលត្រូវជីករៀបចំប្រព័ន្ធទឹកនេះ មានពីរខាងអមផ្លូវចូល ដោយម្ខាងៗ មានប្រវែង៧៥ម៉ែត្រ ចេញពីចំណុចខ្លោងទ្វារចេញទៅភ្ជាប់នឹងរន្ធទឹកចាស់ ដែលបន្សល់ទុកពីសម័យបុរាណបង្ហួសចូលទៅកសិណ។ កិច្ចការនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការក្នុងការធ្វើកំណាយបុរាណវិទ្យាមុននឹងឈានដល់ការជីកប្រឡាយបង្កប់ទុយោ។

លោក សារាយ គឹមហួល បានបញ្ជាក់ថា ក្រុមរបស់លោកបានមកសិក្សា និងធ្វើកំណាយបុរាណវិទ្យា ដោយធ្វើការជីកសាកល្បងនៅតាមបណ្តោយផ្លូវដែលត្រូវរៀបចំប្រព័ន្ធទឹករយៈពេលជិត៣ខែមកហើយ។ ការធ្វើកំណាយបុរាណវិទ្យានេះ គឺដើម្បីធានាថា ការរៀបចំប្រព័ន្ធទឹកនឹងមិនប៉ះពាល់បេតិកភណ្ឌ ដែលកប់នៅក្នុងដី និងដើម្បីឲ្យយោបល់ដល់ក្រុមអ្នកជំនាញគ្រប់គ្រងទឹក ថាតើអាចជីកក្នុងជម្រៅណាបាន និងត្រូវធ្វើឲ្យមានគម្លាតប៉ុន្មានពីគ្រឹះប្រាសាទជាដើម។

លោក ញ៉ែម រស្មី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងទឹក ដែលកំពុងដឹកនាំការងារបានពន្យល់ថា ឆ្នាំមុនៗ ពេលភ្លៀងធ្លាក់ម្តងៗ តែងមានទឹកដក់នៅយូរជាប់នឹងមាត់ផ្លូវ អាចធ្វើឲ្យមានបញ្ហាដល់ថ្មប្រាសាទ និងធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាពិសេស គឺធ្វើឲ្យបាត់បង់សម្រស់ប្រាសាទមួយផ្នែកផងដែរ។ “យើងប្រើទុយោទំហំ២តឹក ហើយត្រង់អាងបណ្តោះទឹកយើងនឹងរៀបថ្មបាយក្រៀមដាក់ពីលើ ដើម្បីកុំឲ្យឃើញអាងច្បាស់ពេក។ ការងារនេះ នឹងត្រូវចំណាយពេលប្រហែលមួយខែទៀតរួចរាល់ហើយ”

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ក្នុងពេលដែលប្រទេសស្វីស កំពុងធ្វើការអភិរក្សប្រាសាទបន្ទាយស្រី ក្រុមអ្នកជំនាញក៏បានធ្វើប្រព័ន្ធទឹករួចម្តងហើយ តែការធ្វើនោះ គឺធ្វើតែផ្នែកខាងក្នុងនៃប្រាសាទតែប៉ុណ្ណោះ ដើម្បីរំដោះទឹកពីក្នុងប្រាសាទចូលកសិណ ដោយពុំបានធ្វើប្រព័ន្ធរំដោះទឹកតាមបណ្តោយផ្លូវចូលនេះឡើយ ធ្វើឲ្យមានដក់ទឹកនៅតាមបណ្តោយផ្លូវចូលនេះជាហូហែររៀងមក៕

photo_2016-05-23_11-41-31 photo_2016-05-23_11-41-34 photo_2016-05-23_11-41-36

មតិយោបល់