ព័ត៌មានជាតិ

ចុមលោកចោរ! ធ្វើល្បិចហៅតាក់ស៊ីក្រហមជិះ ឲ្យលុយក្លែងក្លាយទៅគេហើយ វាយគេប្លន់យកឡានទៀត!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ បានប្រើល្បិចហៅរថយន្តតាក់ស៊ីម៉ែត្រ(តាក់ស៊ីក្រហម) មកដឹកពួកគេ ហើយធ្វើសកម្មភាពប្រតាយប្រតប់ជាមួយម្ចាស់រថយន្ត រួចបើករថយន្តរត់គេចខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកបើករថយន្តតាក់ស៊ីក្រហមនាំគ្នាចេញរថយន្តដេញតាម ធ្វើជនសង្ស័យភ័យនាំគ្នាប្លុងរថយន្តទុកចោល រួចប្រញាប់រត់យករួចខ្លួនទៅបាត់។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងការ៉ាស់សាំងសូគីមិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ រហូតដេញតាមឃាត់រថយន្តបាន នៅចំណុចផ្លូវ២៧៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាផ្លូវទាល់ ទើបជនសង្ស័យឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តរងគ្រោះ នៅនឹងកន្លែងតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តរងគ្រោះដែលត្រូវក្រុមជនសង្ស័យប្លន់ខាងលើនេះ ម៉ាកព្រុស ប្រភេទតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN-4100។ ចំណែកម្ចាស់អ្នកបើកបររថយន្តខាងលើ ត្រូវបានអ្នករួមការងារហៅរហ័ស្សនាមថា៧៦។

បើតាមសម្ដីបុរសរងគ្រោះដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ត្រូវបានក្រុមជនសង្ស័យ២នាក់ខាងលើ ទូរសព្ទហៅរថយន្តរបស់គាត់ទៅដឹក ពីម្ដុំផ្សារដើមថ្កូវ ទៅផ្សារតាប៉ាង។ក្រោយមកជនសង្ស័យទាំងនោះក៏ឲ្យរូបគាត់ដឹកមកច្រមុះជ្រូកក្បាលថ្នល់ ដែលជាកន្លែងកើតហេតុវិញម្ដង ដោយជនសង្ស័យបានឲ្យលុយដុល្លារក្លែងក្លាយក្រដាស២០ដុល្លារ ២សន្លឹក មកឲ្យគាត់ ជាហេតុធ្វើឲ្យគាត់មិនទទួលយក ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ រួមទាំងគាត់ បាននាំគ្នាចុះពីលើរថយន្តរួចក៏ធ្វើសកម្មភាពប្រតាយប្រតប់គ្នាជាមួយគាត់ ស្រាប់តែជនសង្ស័យម្នាក់ដែលនៅក្នុងរថយន្ត បើករថយន្តតាក់ស៊ីរបស់គាត់ចេញទៅបាត់ ដែលធ្វើឲ្យជនរងគ្រោះរត់ដេញតាមពីក្រោយរថយន្តរបស់ខ្លួនតែមិនបាន ក៏ធ្វើឲ្យជនសង្ស័យដែលប្រតាយប្រតប់នោះរត់គេចខ្លួនបាត់ថែមទៀត ។

ភ្លាមនោះជនរងគ្រោះក៏បានទំនាក់ទំនងទៅក្រុមអ្នករត់តាក់ស៊ីដូចគ្នាឲ្យជួយដេញស្ទាក់តាមប្រព័ន្ធGPS រហូតស្ទើរពេញទីក្រុង លុះដល់ផ្លូវ២៧៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលជាផ្លូវទាល់ ទើបជនសង្ស័យឈប់រថយន្តទុកចោលចុះគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយមក ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ទន្លេបាសាក់ដែលជាម្ចាស់ភូមិសាស្ត្រកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចជួយកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យខាងលើ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់