រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៤៧លានដុល្លារអាមេរិក ដើម្បីកសាងទីលានចាក់សំរាមនិងកែច្នៃសំរាម និងអាងចម្រោះទឹក នៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងគម្រោងនោះដែរ ទីលានចាក់សំរាម នៅក្រុងប៉ោយប៉ែត គ្រោងចំណាយប្រមាណ ១៥លានដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១៩ លើផ្ទៃដី ១០ហិកតា ក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
រីឯ គម្រោងអាងប្រតិកម្មទឹក ឬអាងចម្រោះទឹករបស់ ក្រុងសិរីសោភ័ណ គ្រោងនឹងចំណាយប្រមាណ ២៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិភ្នៀត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សម្រាប់ទីលានចាក់សំរាម និងកែច្នៃសំរាម នឹងធ្វើឡើងលើផ្ទៃដី ៦ហិកតា នៅចំណុចភ្នំតុក ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
គួរជម្រាបដែរថា គម្រោងទាំង ២នេះ នឹងបម្រើដល់ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកអូរជ្រៅ ស្រុកស្វាយចេក ហើយជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕
មតិយោបល់