ព័ត៌មានជាតិ

គ្មានលុយធ្វើសោហ៊ុយទៅស្រុក បែជាបែកគំនិតលួចអាគុយរថយន្ត ម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកធ្វើការចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកអាគុយពីរថយន្តកូរ៉េមួយគ្រឿងដែលម្ចាស់ចតទុកនៅកន្លែងលាងរថយន្ត«ឌឹឡៃ» ហើយម្ចាស់គេទាន់ចាប់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងត្របែក ដោយសារតែគ្មានលុយជិះរថយន្តទៅស្រុកកំណើតនោះ។

ហេតុការនេះដែរបានបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចកន្លែងលាងរថយន្តយីហោ «ឌឹឡៃ» ផ្លូវលេខ ៤៨៤ កែងនិងផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ឌិន ម៉ៃ អាយុ ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំជោ ស្រុកកំចាយមា ខេត្តព្រៃវែង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានបុរសម្នាក់បានយករថយន្តម៉ាក ហ៊ីយន់ដាយ កូរ៉េ ធន់មួយតោនកន្លះ មួយគ្រឿងយកទៅចតទុកនៅក្នុងកន្លែងលាងរថយន្តដែលមានយីហោ ឌឹឡៃ ហើយក៏ត្រូវបានជនសង្ស័យម្នាក់ខាងលើចូលទៅលួចធ្វើសកម្មភាពដោះយកអាគុយ តែបានឃើញទាន់និងនាំគ្នាចាប់ប្រគល់ឲ្យកម្លាំងមានសម្ថកិច្ចតែម្តង។

ក្រោយពីប្រជាពលរដ្ឋចាប់ខ្លួនបុរសជនសង្ស័យម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងត្របែករួចហើយរូបគេបានឆ្លើយថា «មូលហេតុដែលធ្វើឲ្យរូបគេដាច់ចិត្តលួចអាគុយពីរថយន្តខាងលើ ដោយសារតែរូបគេគ្មានលុយធ្វើសោហ៊ុយទៅស្រុកកំណើតវិញ។

ក្រោយពីទទួលបាននូវការសារភាពអំពីសំណាក់បុរសជាជនសង្ស័យរួចហើយ និងមានចិត្តអាណិតអាសូរនោះបុរសជាម្ចាស់រថយន្តមិនបានដាក់ពាក្យប្តឹងឡើយ ដោយគ្រាន់តែសុំឲ្យកម្លាំងមានសម្ថកិច្ចធ្វើកិច្ចសន្យា និងរកមនុស្សឲ្យមកធានាយកទៅវិញទៅបានហើយ៕

មតិយោបល់