ក្រុមហ៊ុន Property Guru បានប្រកាសពិធីបើកចុះឈ្មោះ ពានរង្វាន់ Cambodia Property Awards ឆ្នាំ ២០១៨ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៨។
ការប្រកួតប្រជែងដ៏មានកិត្យានុភាពនេះ បានបើកចំហទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងបណ្តាក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិនៃការអភិវឌ្ឍន៍គ្រប់គ្រាន់ មានទីតាំងនៅរាជធានីភ្នំពេញសៀមរាប និងខេត្តព្រះសីហនុ។
ការប្រកួតប្រជែង ត្រូវបានបែងចែកចេញជា ៣ផ្នែកធំៗ គឺ អ្នកអភិវឌ្ឍ ការអភិវឌ្ឍន៍ និងឌីហ្សាញ ហើយក៏មានការជ្រើសរើសពានរង្វាន់ពិសេស សម្រាប់ការលើកកម្ពស់ទំនួលខុសត្រូវសង្គម (CSR) និងភាពល្អប្រសើរ នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អគារបៃតង និងការរចនាជាសកល។
លោក Terry Blackburn ស្ថានិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានមានប្រសាសន៍ថា នៅឆ្នាំ ២០១៨ ចំនួនអ្នកចូលរួម ត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលដែលពានរង្វាន់កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង និងគម្រោងដែលលេចធ្លោជាច្រើនត្រូវបានប្រកាស។
កាលពីឆ្នាំមុន គម្រោងឌីហ្សាញ មានការដាក់ពាក្យច្រើនជាងគេ ហើយនៅឆ្នាំនេះ គឺរំពឹងទទួលបានការដាក់ពាក្យច្រើន ពីគម្រោងខុនដូ ហើយពានរង្វាន់នេះ នឹងជួយជម្រុញដល់ការកំណត់ស្តង់ដាអភិវឌ្ឍន៍ ព្រមទាំងជួយដល់ការផ្សព្វផ្សាយរបស់ ក្រុមហ៊ុនឬគម្រោងដែលឈ្នះផងដែរ។
លោក ស៊ន សៀប ស្ថាបនិកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថាកម្មវិធីផ្តល់រង្វាន់បានរួមចំណែកយ៉ាងធំធេង ដល់ឧស្សាហកម្មសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយទាក់ទាញអ្នកវិនិយោគមកពីជុំវិញតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីពិចារណាលើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា»។
គួរជម្រាបដែរថា កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property ឆ្នាំ ២០១៨ ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន KHI Huot ដៃគូផ្លូវការ Realestate.com.kh អង្គការមនុស្សធម៌ CARE អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដៃគូ Southeast Asia GLOBE, Construction & Property និង ទស្សនាវដ្តី PropertyGuru Property Report; ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងអ្នកគ្រប់គ្រងផ្លូវការ BDO៕
មតិយោបល់