ព័ត៌មានជាតិ

វ៉ាជែងទាក់ដែចង្កូតបណ្តាលឲ្យដួល របួសធ្ងន់២នាក់ នៅកណ្តាល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បីលក់ភេសជ្ជ: បណ្តាលឲ្យបុរស២នាក់របួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៤៣នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៣៥-៣៦ ត្រង់ចំណុចភូមិ ចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1R- 0756 ជិះក្នុងទិសដៅ ពីលិចទៅកើត ដោយឈ្មោះ គង់ ចាន់រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ពោធិ៍កំបោរ ឃុំវិហារលួង ស្រុកពញាឮ លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្លងថ្នល់ទៅខាងឆ្វេងដៃ(ទិសដៅពីត្បូងទៅជើង)ក្នុងគោលបំណងចូលផ្ទះ ស្របពេលកំពុងបត់នោះដែរ ក៏មានម៉ូតូ១គ្រឿង បើកមកពីក្រោយ(ប្រគៀកប្រកិតគ្នា) បម្រុងឡើងវ៉ាជែង បានប៉ះដៃចង្កូត (ជញ្ជាំងទូកញ្ចក់ដាក់តាំងភេសជ្ជ:) បណ្តាលឲ្យម៉ូតូដួល រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បានទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់ គ្លីនិក ប្រាក់សំអន។

ម៉ូតូដែលរងគ្រោះថ្នាក់ មានម៉ាក ហុងដា ឃ្លីគ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1Q-4308 ជិះដោយឈ្មោះ ភន សុខលីន ភេទប្រុស អាយុ២៤ ស្នាក់នៅភូមិឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរ ឈ្មោះ ចាន់ ចិត្រ អាយុ២៨ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុ បន្ទាប់មកធ្វើការគូសដៅ កន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ច្បាប់ ពេលក្រោយ៕

មតិយោបល់