យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Agency មួយ បានអះអាងថាភាពយន្តរឿង«មន្ដស្នេហ៍លេខា»បានកន្ត្រាក់ការគាំទ្រខ្លាំងលំដាប់លេខ១៤ ក្នុងចំណោមកម្មវិធីដែលពេញនិយមទាំងអស់នៅគ្រប់កញ្ចក់ទូរទស្សន៍។ ជាមួយនឹងមោទនភាពនេះ ទើបតារាសម្ដែងអ្នកនាង ភិន សុដាលីស បានអះអាងថាបើភាពយន្តផ្សេងៗរបស់នាងទទួលបានការគាំទ្រដូចគ្នានឹងភាពយន្តនេះ គឺនាងពិតជាមានកម្លាំងចិត្តក្នុងការសម្ដែង បើទោះជាក្នុងពេលខ្លះនាងមានអារម្មណ៍នឿយណាយ ចង់បាត់មុខពីសិល្បៈម្ដងៗ ដើម្បីទុកពេលមើលថែកូន និងពង្រឹងមុខជំនួញរបស់នាង។
ភិន សុដាលីស និយាយថា នាងនៅតែមានមោទនភាពចំពោះការសម្ដែងក្នុងរឿង«មន្ដស្នេហ៍លេខា» ដោយសារតែនាងទៅណាមកណាមានពាក្យលើកឡើងពីការសម្ដែងក្នុងរឿងនេះច្រើន ដោយនាងបានចាត់ទុកថានេះជារឿងដែលជួយឲ្យនាងមានការចាប់អារម្មណ៍ខ្លាំងក្លាដូចគ្នានឹងពេលដែលនាងបានសម្ដែងក្នុងរឿងដំបូងគឺរឿង«ពេជ្រក្នុងបេះដូង»កាលពីប៉ុន្មានឆ្នាំមុននោះ។
នាងថាគ្មានអ្វីសប្បាយចិត្តជាជាងសម្ដែងរឿងហើយមានគេសរសើរថារឿងនោះល្អ ឬការសម្ដែងនោះទាក់ទាញនោះទេ ប៉ុន្តែបើដាក់ច្រើនរឿងទៅហាក់មិនសូវមានអ្នកជជែកវែកញែកគឺនាងយល់ថាជំហាននៃការសម្ដែងរបស់ខ្លួនមិនមានផ្លែផ្កានេះឡើយ។ នាងចង់ឲ្យរឿងដែលនាងសម្ដែងមិនទាន់បញ្ចាំងផ្សេងទៀតក្លាយជារឿងផ្ទុះខ្លាំងក្នុងស្រទាប់មហាជនដូចគ្នានេះ ប៉ុន្តែមិនទាន់ដឹងថានឹងមានសំណាងដូចគ្នានឹងរឿង«មន្ដស្នេហ៍លេខា»នោះទេ ដោយសារតែភាពយន្តខ្មែរសម្រាប់ម៉ោងមាសក៏ត្រូវបានបណ្ដាផលិតកម្មផ្ដោតលើគុណភាពមិនខុសគ្នា។
យ៉ាងណាមិញនាងថាភាពយន្តមួយនេះ មិនមែនជាស្នាដៃរបស់ផលិតកម្មមហាហង្សនោះទេគឺផលិតកម្មគ្រាន់តែធ្វើការផលិតឲ្យក្រុមហ៊ុនមួយប៉ុណ្ណោះ តែបានចាត់ទុកថានាងមានសំណាងដែលត្រូវបានម្ចាស់រឿងពីក្រុមហ៊ុននោះជ្រើសឲ្យសម្ដែងជាតួឯក បើទោះជាក្នុងរឿងនោះនាងមិនមែនជាតួឯងម្នាក់ឯងផ្ដាច់មុខ។
លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា រឿងនេះជាឆ្អឹងរឿងរបស់ក្រុមហ៊ុនធំមួយ ហើយផលិតកម្មរបស់លោកគឺជាអ្នកចេញផលិត ទើបធ្វើឲ្យសាច់រឿងទាំងមូលមានរស់ជាតិប្លែក ដោយសារតែរឿង«មន្ដស្នេហ៍លេខា»ជារឿងដែលមានការផលិតដោយក្រុមធំ២បញ្ចូលគ្នា ដែលផ្ដោតយ៉ាងពិសេសលើគុណភាព និងត្រូវបានទិញសិទ្ធិដាក់បញ្ចាំងនៅលើប៉ុស្ដិ៍ទូរទស្សន៍ធំគឺ PNN ទៅទៀត។
មកដល់ពេលនេះភាពយន្តរឿង«មន្ដស្នេហ៍លេខា»បានអង្រួនអារម្មណ៍មហាជនបានចំនួនប្រមាណ១០ភាគហើយក្នុងចំណោមជាង២០ភាគ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ ម៉ោង៨យប់ ដោយរំពឹងថាភាពយន្តនឹងកាន់តែមានអ្នកចង់ទស្សនាច្រើនឡើងនៅពេលសាច់រឿងឈានដល់ពាក់កណ្ដាល និងជិតបញ្ចប់រឿង៕
មតិយោបល់