ព័ត៌មានជាតិ

នារី២នាក់ប្រើល្បិចបន្លំយកខ្សែក១ខ្សែពីនារីម្នាក់បានសម្រេច!

ភ្នំពេញ: នារីម្នាក់ត្រូវនារី២នាក់ទៀតប្រើល្បិចបន្លំយកខ្សែកអស់១ខ្សែ ហើយគេចខ្លួនបាត់ ដោយបន្សល់ទុកខ្សែកកាឡៃឱ្យនារីរងគ្រោះ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ នាងមានការខ្មាសអៀន ហើយក៏ចាកចេញពីកន្លែងកើតហេតុដោយមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យជានារីចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានបបួលនារីរងគ្រោះជិះម៉ូតូជាមួយគ្នា ដោយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់រួមទាំងជនរងគ្រោះផងដែរ។ ដោយជិះចេញពីសង្កាត់កន្ទោកមកដល់ក្បែរវត្តជន្លង់ម្លូក្នុងសង្កាត់ភ្លើងឆេះរទេះ ហើយបានធ្វើសកម្មភាពប្រើល្បិចបន្លំយកខ្សែក១ខ្សែពីជនរងគ្រោះបានសម្រេច រួចជនសង្ស័យទាំង២នាក់បានទុកនាងចោលតែម្នាក់ឯង ហើយជិះម៉ូតូគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកខ្សែកកាឡៃឲ្យជនរងគ្រោះ។

ក្រោយពេលកើតហេតុ នារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ព្រោះនាងមានការខ្មាសអៀន ហើយបានចាកចេញពីកន្លែងកើតហេតុបាត់តែម្តង៕

មតិយោបល់