ព័ត៌មានជាតិ

មុខសញ្ញាឆក់និងប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនដោយជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាឆក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ៥៩៨ ផ្ទះជួលសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ សុខ សី ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅចំណុចកើតហេតុ និងទី២ឈ្មោះ ព្រំ វាសនា (ហៅអាប៉ះ) ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺសមត្ថកិច្ចបានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ពេលនោះជនសង្ស័យឃើញក៏ជិះម៉ូតូរត់ ភ្លាមនោះសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមរហូតដល់ផ្លូវ៥៩៨ ផ្ទះកើតហេតុ ជនសង្ស័យក៏រត់ចូលក្នុងផ្ទះទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ម៉ូតូដែលជនសង្ស័យជិះនោះម៉ាកស៊ុយស៊ូគីnexពណ៌សពាក់ស្លាកលេខភ្នំពេញ1GL0898។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរបន្ត៕

មតិយោបល់