ភ្នំពេញៈ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅថា សាលាក្ដីខ្មែរក្រហម បានប្រកាសថា នឹងផ្អាកសវនាការរហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ដោយបានអះអាងថា ក្រុមមេធាវីការពារក្ដីរបស់ នួន ជា ស្នើសុំពេលវេលាបន្ថែម ដើម្បីពិនិត្យលើឯកសារថ្មីៗ។ សវនការនៃសំណុំរឿង ០០២/០២ នឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ជាមួយការស្ដាប់សក្ខីកម្មរបស់អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃទី៥ ខែមិថុនា។
លោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភានេះថា ការស្ដាប់សក្ខីកម្មក្នុងប្រធានបទទី៤ នៃសំណុំរឿង ០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ជាពិសេស គឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ របស់សាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹងត្រូវលើកទៅថ្ងៃទី៥ ខែមិថុនាវិញ បន្ទាប់ពីក្រុមមេធាវីការពារក្តី នួន ជា ស្នើសុំពេលវេលាបន្ថែមដើម្បីពិនិត្យលើឯកសារថ្មីៗ។ សវនការចាប់ផ្តើម នៅថ្ងៃទី២ ខែមិថុនា ជាមួយការស្តាប់សក្ខីកម្មរបស់សាក្សីមួយរូបជាអតីតកម្មាភិបាលខ្មែរក្រហមនៅមន្ទីរ ស២១ មុននឹងស្តាប់ការផ្តល់សក្ខីកម្ម ឌុច។
សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច នឹងត្រូវបានកោះហៅឲ្យមកផ្តល់សក្ខីកម្មក្នុងប្រធានបទទី៤ នៃសំណុំរឿង ០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ជាពិសេស គឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦តទៅ។ អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម បានត្រៀមរយៈពេល៩ថ្ងៃ ដើម្បីសាកសួរទៅលើសាក្សីរូបនេះ។
សេចក្ដីប្រកាសព័ត៌មានបន្តឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១២។
កាំង ហ្កេកអ៊ាវ ហៅឌុច គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។
បើតាមលោក នេត ភក្ត្រា ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែតុលា ឆ្នាំ២០១៤មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៨៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩រូប និងអ្នកជំនាញចំនួន៣រូប សម្រាប់សវនាការចំនួន១៨៥ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់(ប្រធានបទទី៥) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំ នៅក្រោមរបបខ្មែរក្រហម។
បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាង នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧៕
មតិយោបល់