កំពតៈ រថយន្តដឹកគ្រឿងសមុទ្រវៀតណាម គ្មានលិខិតអនុញ្ញាតិនាំចូល និងផ្ទុកជាតិគីមីលើគ្រឿងសមុទ្រ ត្រូវបានជំនាញកាំកុងត្រូល សហការជាមួយកម្លាំងជលផល និងអាវុធហត្ថ បង្ក្រាបបាននៅវេលាម៉ោង១និង៣៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅមុខស្នាក់អាវុធហត្ថ ច្រកព្រែកចាក ក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
បើតាមលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជារងនិងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា រថយន្តដែលកម្លាំងឃាត់បានខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6702 បើកបរដោយឈ្មោះ មាស សិទ្ធិ ស្នាក់នៅភូមិឃុំខាងលើ។ ចំណែកគ្រឿងសមុទ្រដែលកម្លាំងរឹបអូសរួមមានបង្គារ ២១កេះ, មឹកស្រស់៣៦កេះ, ក្តាមថ្មរស់២កេះ និងក្តាមសេះរស់៨កេះ សរុបទាំងអស់ជាង៨០០គីឡូក្រាម។
ចំណែកលោក សៅ រស្មី ប្រធានប៉ុស្តិ៍កាំកុងត្រូល ប្រចាំច្រកព្រំដែនអន្តរជាតិព្រែកចាក បានមានប្រសាសន៍ថា ក្រោយការឃាត់រថយន្តខាងលើ ជំនាញត្រួតពិនិត្យរកឃើញបង្គារស្រស់ចំនួន៤២០គីឡូក្រាម មានផ្ទុកជាតិចាហួយដែលជាសារធាតុគីមីហាមឃាត់ ប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ហើយបង្គារដែលផ្ទុកជាតិគីមីនេះជំនាញនិងដុតកំទេចចោលភ្លាមៗតែម្តង ដោយឡែកគ្រឿងសមុទ្រមួយចំនួនទៀតគ្មានជាតិគីមីនេះ ក៏ប៉ុន្តែក៏គ្មានច្បាប់នាំចូលដែរ ត្រូវបានប្រគល់ជូនមន្ត្រីជលផល ចាត់ការតាមនីតិវិធី។
បច្ចុប្បន្នរថយន្តនិងអ្នកបើកបរត្រូវបានកម្លាំងនាំខ្លួន មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
គួររំលឹកថានេះពុំមែនជាលើកទីមួយទេដែលរថយន្តដឹកគ្រឿងសមុទ្រវៀតណាម នាំចូលគ្រឿងសមុទ្រមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិនិងមានផ្ទុកជាតិគីមីថែមទៀត តែជារឿយៗគេសង្កេតឃើញរថយន្តទាំងនោះ ឆ្លងផុតប៉ុស្តិ៍កុងត្រូលអន្តោប្រវេសន៍ និងគយ បានយ៉ាងស្រួលដោយគ្រាន់តែហុចលុយតាមកញ្ចក់រថយន្តតែប៉ុណ្ណោះ៕
មតិយោបល់