ព័ត៌មានជាតិ

ក្មេងប្រុសអាយុ២ឆ្នាំម្នាក់លង់ទឹកស្លាប់ខណៈម្តាយរវល់លក់ដូរនៅស្រុកមង្គលបូរី

បន្ទាយមានជ័យៈ ម្តាយរវល់លក់ដូរភ្លេចខ្លួន បណ្តោយឲ្យកូនអាយុ២ឆ្នាំដើរលេងតែម្នាក់ឯង បណ្ដាលអោយធ្លាក់ទឹកប្រឡាយលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សន្តិវ័ន្ត ពេជ្រថាន់ ភេទប្រុស អាយុ២ឆ្នាំ នៅភូមិកើតហេតុខាងលើ គឺនៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឪពុកឈ្មោះ អាង សន្តិវ័ន្ត អាយុ៣៨ឆ្នាំ ។
ម្តាយឈ្មោះ យ៉ា លក្ខិណា អាយុ៣៤ឆ្នាំ។

នៅមុនពេលកើតហេតុ ដោយម្តាយរវល់តែលក់ដូរអីវ៉ាន់នៅតូបខាងមុខផ្ទះ ចំណែកកូនបានដើរលេងម្នាក់ឯង នៅខាងក្រោយផ្ទះ នៅពេលបាត់កូនក៏ដើររក ក៏ស្រាប់តែប្រទះឃើញកូនលង់ទឹកស្លាប់ក្នុងប្រឡាយខាងក្រោយឈៀងខាងលិចផ្ទះចម្ងាយប្រហែល ៤ម៉ែត្រ ហើយក៏ស្រែកផ្អើលឆោឡោ ឲ្យគេជួយស្រង់យកមកលើ ។
ក្រោយកើតហេតុសពកុមាររងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់