ភ្នំពេញៈ បុរសម្នាក់បានដេកស្លាប់ នៅក្នុងបន្ទប់ សង្ស័យខ្យល់គ បណ្តាលឲ្យស្លាប់។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបន្ទប់ជួល ក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលដេកស្លាប់នេះមានឈ្មោះ រ៉ង សារ៉េត អាយុ៣៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។
មានប្រពន្ធឈ្មោះ អ៊ឹម សុផារី ស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុននិងមានកូនប្រុសម្នាក់ ឈ្មោះ រ៉ង សុវណ្ណា អាយុ១១ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយឪពុកកន្លែងកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់ជនរងគ្រោះបានចេញពីសាលារៀនមកដល់ផ្ទះបន្ទប់ជួលខាងលើស្រាប់តែបើកទ្វារបន្ទប់មើលឃើញឪពុកកំពុងតែសម្រាន ក៏បានដាស់ឲ្យភ្ញាក់ តែជនរងគ្រោះមិនភ្ញាក់សោះ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកជិតខាងចោមរោមមើលនិងបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យ ជាលទ្ធផលសមត្ថកិច្ចសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារខ្យល់គ ហើយដោយគ្មានការប្តឹងផ្តល់ផង សមត្ថកិច្ចក៏បានទាក់ទងទៅខាងសាច់ញាត្តិនៃសពដើម្បីប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់