ព័ត៌មានជាតិ

អាសូរណាស់! ឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់…

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ កាន់ឧបករណ៍ឆក់ត្រី ទៅឆក់ក្នុងចម្ការឈូក មិនប្រយត្ន័បែរជាឆក់ខ្លួនឯងស្លាប់នៅក្នុងទឹកយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីចម្ការឈូករបស់ឈ្មោះហួត ពៅ ក្រោយភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ ណូត សុផល (ហៅសេះ) ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងចាប់យកបានមាន ដងឆក់ចំនួន២ដើម ធ្វើពីឬស្សី+ដែកសរសៃ,អាគុយម៉ាកតូខ្យូ៤០អំពែចំនួន១គ្រឿង និងអាំងម៉ូទ័រ កម្លាំងគ្រាប់១៤គ្រាប់ចំនួន០១គ្រឿង។

មុនពេលកើតហេតុ កាលពីវេលាម៉ោង៣ទៀបភ្លឺជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រីនៅកន្លែងកើតហេតុ រហូតដល់ម៉ោង៨ព្រឹកមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញព្រោះរាល់ដងជនរងគ្រោះត្រឡប់មកផ្ទះវិញ ម៉ោង៧ទៅម៉ោង៨ព្រឹក ពេលនោះឈ្មោះកោះ កំសត់ ត្រូវជាម្ដាយ ក្មេកជនរងគ្រោះនិងកូនប្រុសជនរងគ្រោះឈ្មោះ ផល សុខហៀក អាយុ១០ឆ្នាំ បាននាំគ្នាដើរទៅរកជនរងគ្រោះហើយបានប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹកចម្ការឈូករបស់ឈ្មោះហួត ពៅ ក្រោយភូមិអន្លង់ស្លែង ឃុំសំបួរមាស។ នៅវេលាម៉ោង១០និង១០នាទីព្រឹកដោយសាកសពដេកស្លាប់ផ្អៀងមុខបែទៅទិសខាងកើត ក្បាលទៅទិសខាងជើង ដៃទាំងពីរអង្កុញជាប់និងចង្ការកឺយ ដៃកាន់កុងតាក់ឧបករណ៏ឆក់ត្រី។ ហើយនៅលើក្បាលសាកសពពាក់ភ្លើងខ្វាមិនទាន់បិតភ្លើងទេ ចំណែកនៅលើខ្នងសាកសពមានស្ពាយអាគុយ៤០អំពែ និងឧបករណ៏ឆក់ត្រី។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចមកបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែឆក់ខ្សែភ្លើងពិតប្រាកដមែន ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់