ព័ត៌មានសុខភាព

វីតាមីន៣ប្រភេទ អាចកម្ចាត់អាការហើមពោះក្នុងរយៈពេល៣នាទីប៉ុណ្ណោះ

ការហើមពោះ គឺជាបញ្ហាសុខភាពទូទៅមួយប្រភេទដែលអ្នកណាៗក៏ធ្លាប់ជួបប្រទះដែរ ហើយមូលហេតុចម្បងនៃជំងឺនេះកើតឡើងដោយសារតែការទទួលទានអាហារមិនល្អ ខ្សោយប្រព័ន្ធរំលាយអាហារ និងរាងកាយមានផ្ទុកជាតិទឹកច្រើនពេក។ ប៉ុន្តែបើយោងតាមគេហទំព័រ pinoyhealthguide បានបង្ហាញថា មានវីតាមីន៣ប្រភេទអាចដោះស្រាយបញ្ហាហើមពោះក្នុងរយៈពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ ហើយវាថែមទាំងជួយឲ្យរាងកាយមានសុខភាពល្អថែមទៀត។

ខាងក្រោមនេះ គឺជាវីតាមីន៣ប្រភេទដែលអាចជួយកម្ចាត់បញ្ហាហើមពោះយ៉ាងពូកែបំផុតៈ

វីតាមីន B6
ដំបូងអ្នកត្រូវដឹងជាមុនសិនថា វីតាមីន B6 អាចដោះស្រាយបញ្ហាឃាត់ជាតិទឹកលើសកម្រិតនៅក្នុងរាងកាយ ដែលជាមូលហេតុបណ្តោលឲ្យកើតមានអាការហើមពោះ។ ការសិក្សាជាច្រើនបានរកឃើញថា ប្រជាជនស្ទើរតែ៩០ភាគរយនៅជុំវិញពិភពលោកបានខ្វះវីតាមីននេះនៅក្នុងខ្លួន ដោយសារតែទម្លាប់នៃការទទួលទានអាហារមិនល្អ។ អ្នកជំនាញមានប្រសាសន៍ថា វីតាមីន B6 អាចជួយឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមានភាពរឹងមាំ ហើយបាក់តេរី និងវីរុសមិនអាចវាយប្រហារបានឡើយ។ មិនតែប៉ុណ្ណោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺបេះដូង និងស្ត្រីមានផ្ទៃពោះ។ ប្រភពអាហារដែលមានផ្ទុកវីតាមីន B6 ច្រើនបំផុត គឺគ្រាប់ធញ្ញជាតិ ស្ពៃ និងពពួកសណ្តែក។

វីតាមីន B1
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមានប្រសាសន៍ថា វីតាមីននេះជាប្រភពថាមពលដែលធ្វើឲ្យប្រសើរឡើងនូវមុខងារបេះដូង សរសៃប្រសាទ បង្កើនល្បឿនរំលាយអាហារ ជាពិសេសវាអាចកម្ចាត់បញ្ហាហើមពោះផងដែរ។ ប្រភពអាហារដ៏ល្អបំផុតនៃវីតាមីន B1 គឺបន្លែពណ៌បៃតង ពពួកផ្សិត និងពពួកសណ្តែក។

វីតាមីន B12
កង្វះវីតាមីន B12 អាចបណ្តោលឲ្យរលាកក្រពះ រំខានដល់តុល្យភាពបាក់តេរីដែលមានប្រយោជន៍នៅក្នុងពោះវៀន និងនាំឲ្យការរំលាយអាហារមានភាពយឺតយ៉ាវ។ ទាំងនេះហើយគឺជាមូលហេតុដែលធ្វើឲ្យអាការហើមពោះកើតមានឡើង ក៏ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះអ្នកគួរតែទទួលទានអាហារដែលមានផ្ទុកវីតាមីន B12 ដូចជា អាហារសមុទ្រ ទឹកដោះគោ ឈីស ស៊ុតមាន់ សាច់គោ…៕

មតិយោបល់