ព័ត៌មានជាតិ

Update៖ ឡានកុងតឺន័របុកម៉ូតូសង់កូរ៉េអូសជាង៣០ម៉ែត្រ បណ្តាលឲ្យបុគ្គលិកស្រាបៀរថៃហ្គ័រម្នាក់ស្លាប់មួយរំពេច!

ភ្នំពេញៈ បុរសជាកម្មករបម្រើការងារនៅរោងចក្រស្រាបៀរថៃហ្គ័រម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម ខណៈដែលជិះម៉ូតូសង់កូរ៉េមួយគ្រឿង ចេញពីធ្វើការ ហើយត្រូវបានរថយន្តកុងតឺន័រមួយគ្រឿង បើកមកបុកពីក្រោយពេញទំហឹងអូសទាំងម៉ូតូនិងមនុស្សរហូតជាង៣០ម៉ែត្រទើបឈប់រថយន្ត ចំណែក អ្នកបើកបរវិញ បានចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃត្រង់ទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកចូលរមណីយដ្ឋានសួនសុបិន្ត ផ្លូវជាតិលេខ២ ភូមិចុងព្រែក ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គឹម ប៊ិន អាយុ៤៦ឆ្នាំ មុខរបរកម្មករបម្រើការងារនៅរោងចក្រស្រាបៀរថៃហ្គ័រ មានប្រពន្ធឈ្មោះ ម៉ុ ចាន់ អាយុ៤២ឆ្នាំ មានកូនប្រុសស្រីចំនួន៣នាក់ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3640 មួយគ្រឿង ចេញពីកន្លែងធ្វើការក្នុងទិសដៅពីលិចទៅកើត សំដៅទៅផ្ទះដែលនៅក្បែរនោះ លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តធន់តូចមិនចាំម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា បានមកប៉ះដៃម៉ូតូដួលបណ្តាលឲ្យដួល ហើយត្រូវបានរថយន្តម៉ាកកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-6855 និងកន្ទុយខាងក្រោយ ពាក់ស្លាកលេខភ្នំពេញ 4A-1011 បានកិនទាំងមនុស្សនិងម៉ូតូអូសជាប់ខាងក្រោមកង់រហូតដល់ទៅជាង៣០ម៉ែត្រទើបឈប់ បណ្តាលឲ្យបុរសរងគ្រោះបែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវ ចំណែកម៉ូតូវិញកំពិតដូចចេកចៀន រួចហើយអ្នកបើកបររថយន្តបង្កបានចុះរត់ឡើងរថយន្តកុងតឺន័រមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាមនោះ ក្រុមគ្រួសារដែលមានផ្ទះនៅក្បែរនោះមកទទួលយកសាកសពបុរសរងគ្រោះទៅផ្ទះភ្លាមៗ ហើយកម្លាំងមានសមត្ថកិច្ចក៏បានមកធ្វើការវាស់វែងយករថយន្តកុងតឺន័របង្ករ និងម៉ូតូសង់កូរ៉េរបស់ជនរងគ្រោះ បញ្ជូនទោរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

https://youtu.be/PlVlN29Z4Y0

មតិយោបល់