ភ្នំពេញ: ជនសង្ស័យម្នាក់ បន្ទាប់ចូលធ្វើសកម្មភាពលួចគាស់បន្ទប់ជួលរបស់កម្មករ ប្រមូលបានអីវ៉ាន់ហើយ តែពលរដ្ឋក្បែរខាងឃើញទាន់ចាប់បានប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆេង ម៉េងហាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាពគាស់បន្ទប់ លួយយកឆ្នាំងដាំបាយអគ្គីសនី ចង្ក្រានហ្គាស និងសម្ភារៈមួយចំនួនទៀតជនរងគ្រោះឈ្មោះ ស៊ី នួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតភូមិកោះក្របាយ ឃុំកំពង់កូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមសម្តី នារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែលខ្លួនទៅធ្វើការបាត់ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានចូលទៅធ្វើសកម្មភាព គាស់បន្ទប់ចូល ប្រមូលលួចអីវ៉ាន់ តែត្រូវបានញាតិជិតខាងឃើញទាន់ នាំគ្នាស្រែកព័ទ្ធចាប់បានភ្លាមៗ។ តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជា គាស់សោបន្ទប់ជួលខាងលើ ប្រមូលបានឥវ៉ាន់ហើយ ត្រូវបានប្រជាពលរដ្ឋមកទាន់ស្រែកចាប់បានតែម្តង។
ជនសង្ស័យ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន រួមជាមួយបណ្តឹងរបស់ ជនរងគ្រោះផងនោះ សមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
https://youtu.be/eNmsPafJqcs
មតិយោបល់