ព័ត៌មានជាតិ

មន្រ្តីក្រសួងសុខាភិបាលម្នាក់ អត់ទ្រាំនិងការគំរាមកំហែងរបស់ជនមិនស្គាល់មុខមិនបាន ក៏មកដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់ដែលជាមន្រ្តីក្រសួងសុខាភិបាល និងកូនប្រុសរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ តាមរករឿងនិងគំរាមកំហែងមិនឈប់មិនឈរព្រមទាំងបង្កការរំខានជាបន្តបន្ទាប់ រហូតធ្វើឲ្យពួកគាត់មានការភិតភ័យស្ទើរមិនហ៊ាននៅផ្ទះ និងចេញទៅណាមកណាទៅហើយ។

ដោយសារតែមានការភ័យខ្លាចគ្រប់ពេលនោះ ទើបពួកគាត់សម្រេចមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ គាត់សម្រេចចិត្តនាំកូនប្រុសរបស់គាត់ធ្វើដំណើរមកប៉ុស្ដិ៍ចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងស្នើរសុំឲ្យសម្ថិតកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ និងជាការជួយដឹងឮក្រែងថ្ងៃណាមួយការគំរាមកំហែងខាងលើក្លាយទៅជាការពិតនាំឲ្យរូបគាត់និងកូនប្រុសមានគ្រោះថ្នាក់កើតឡើង។

ស្រ្តីដែលជាជនរងគ្រោះក្នុងការគំរាមកំហែងខាងលើនោះមានឈ្មោះ ដួង ច័ន្ចរ៉ាវី អាយុ៤៥ឆ្នាំ មុខរបរ ជាមន្រ្តីក្រសួងសុខាភិបាល ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ២០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកកូនប្រុសរបស់គាត់ដែលទៅប៉ុស្ដិ៍នគរបាលចោមចៅជាមួយគាត់ដែរនោះ មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ និងបានទទួលការគំរាមកំហែងខ្លាំងដែរ។ រីឯជនដែលត្រូវចោទប្រកាន់នោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេគ្រាន់តែស្គាល់មុខតែប៉ុណ្ណោះ មានអាយុប្រហែល៥០ឆ្នាំ និងជាកម្មករសំណង់ ហើយស្នាក់នៅផ្ទះស្រ្តីមេម៉ាយម្នាក់ ដែលស្ថិតនៅទល់មុខផ្ទះរបស់ស្រ្តីរងគ្រោះដែរ។

ស្រ្តីរងគ្រោះរូបនោះបាននិយាយប្រាប់នគរបាលថា ជនសង្ស័យខាងលើបានទៅស្នាក់នៅផ្ទះស្រីមេម៉ាយទល់មុខផ្ទះរបស់គាត់នោះ រយៈពេលជាងកន្លះឆ្នាំកន្លងមកហើយ ប៉ុន្តែគាត់មិនដែលស្គាល់ឈ្មោះទេ ហើយគាត់ក៏មិនដែលមានទំនាស់ជាមួយជននោះម្ដងណាឡើយ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចទើបជននោះចេះតែតាមរករឿង គំរាមកំហែងចង់សម្លាប់រូបគាត់និងកូនប្រុសគាត់ដែលកំពុង រៀនព្រមទាំងនិយាយដៀមដាមមិនឈប់ទាល់តែសោះ។ មិនតែប៉ុណ្ណោះបានហៅមិត្តភក្ដិទៅផឹកស៊ីស្រែកឡូឡារំខានដល់គាត់និងអ្នកជិតខាងជាញឹកញាប់ ដោយឡែកកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែសីហាឆ្នាំ២០១៧ ខណៈ ដែលគាត់កំពុងរៀបចំស្រោចផ្កាមុខផ្ទះ។ ស្រាប់តែជនសង្ស័យខាងលើបញ្ឆេះម៉ូតូរោទិ៍ខ្លាំងៗ និងស្រែកជេរប្រមាថគាត់យ៉ាងចាស់ដៃ ដោយគ្មានមូលហេតុ ហើយដោយសារមានការភ័យខ្លាច ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងបែបនេះតែម្ដងដើម្បីស្នើរសុំឲ្យសម្ថិតប៉ុស្តិ៍ជួយអន្តរាគម៍ផង៕

https://youtu.be/neP-vGit6wI

មតិយោបល់