ព័ត៌មានជាតិ

តុលាការផ្ដន្ទាទោសលើជនបរទេសម្នាក់ដាក់ពន្ធនាគារ១ជីវិត ពីបទជួញដូរគ្រឿងញៀនខុសច្បាប់!

ភ្នំពេញ: លោក លី សុខឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទម្នាក់ដែលជាជនបរទេសដាក់ពន្ធនាគាររយ:ពេលមួយជីវិត។

សេចក្ដីប្រកាសសាលក្រមនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះ AHMAD JOHARI CHUNG (អាម៉ាត់ ចូហារី ជុង) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ជនជាតិ ម៉ាឡេស៊ី ត្រូវដាក់ពន្ធនាគាររយ:ពេលមួយជីវិត ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ ហេរ៉ូអ៊ីន ចំនួន ១០៦៨.៦១ ក្រាម (ជាង១គីឡូក្រាម) ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបាននាំយកគ្រឿងញៀននោះពីប្រទេសម៉ាឡេស៊ី ឆ្លងកាត់ប្រទេសកម្ពុជា ទៅលក់នៅម៉ាកាវប្រទេសចិនមែន។ ជនជាប់ចោទបានបញ្ជាក់ថា គ្រឿងញៀនទាំងអស់នេះគឺឈ្មោះ តុង ជាអ្នកឲ្យខ្លួននាំយកទៅ ម៉ាកាវ ដោយឈ្មោះ តុង ជាអ្នកចេញសោហ៊ុយចាយវាយទាំងស្រុង និងនៅពេលគ្រឿងញៀនដល់គោលដៅ ទើបឈ្មោះ តុង ឲ្យលុយថ្លៃសេវា នាំគ្រឿងញៀនទៅម៉ាកាវសរុបតែម្តង៕

មតិយោបល់