ភ្នំពេញៈ កាលពីរសៀលថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ១ ចំណុចមុខផ្ទះលេខ៤ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ
មានករណីផ្ញើទូរស័ព្ទ OPPO តាមអ្នកបើករថយន្តតាក់ស៊ី យកទៅឲ្យបងប្អូននៅខេត្តស្វាយរៀង តម្លៃផ្ញើ៥០០០រៀល ដល់ពេលទូរស័ព្ទសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃទេ ទើបសង្ស័យអ្នកបើកតាក់ស៊ី យកទូរស័ព្ទស៊ីដាច់ ក៏តាមរកតែមិនឃើញ តែក្រោយមកបែរជាប្រទះឃើញ តាមផ្លូវក៏ធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្ដង។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ពុំ ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះ ឌៀន សាវង្ស ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានយកទូរស័ព្ទដៃស៊េរីទំនើប (Smart Phone) ០១គ្រឿង ម៉ាកOppo Find-X ពណ៌ទឹកសមុទ្រ ដែលមានតម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់ រុំស្គុតប្លាស្ទិក ពណ៌លឿង រួចយកមកផ្ញើជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ី ក្នុងតម្លៃ ៥០០០រៀល ជាថ្លៃផ្ញើយកឲ្យបងប្អូននៅខេត្តស្វាយរៀង រួចជនសង្ស័យក៏យកទូរស័ព្ទពីជនរងគ្រោះទុក។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះទាក់ទងទៅសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃនោះទេ រួចជនរងគ្រោះក៏ដើររកជនសង្ស័យតែមិនឃើញ។ លុះដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ដែលជាអ្នកបើកបររថយន្ត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន នាំមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ធ្វើការឃាត់ខ្លួនពីបទ រំលោភលើទំនុកចិត្ត (ទទួលផ្ញើទូរស័ព្ទដៃ មិនយកឲ្យគេ) និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕
មតិយោបល់