ភ្នំពេញៈ យុវជនម្នាក់ សង្ស័យថាបែកថ្នាំញៀន បានសម្រូតតាមខ្សែ ចុះពីលើផ្ទះល្វែងជាន់ទី៣ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៧ ស្ថិតចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលសង្ស័យបែកថ្នាំញៀនខាងលើនេះមានឈ្មោះ កែវ ចិន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសិរីសុខា ឃុំត្បូងឃ្មុំ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មិនបានដឹងថា យុវជននោះលោតពីជាន់ទីប៉ុន្មាននោះទេ តែស្រាប់តែឃើញលោតទម្លាក់ខ្លួនពីលើដំបូលសង្ក័សី របស់គាត់ដោយមានកាន់កាំបិតចិតបន្លែចំនួន២ហើយទុកកាំបិតនៅមុខផ្ទះរបស់គាត់ ហើយដើរទៅចូលពេទ្យបាត់ហើយគាត់ក៏មិនមើលទៀតដែរព្រោះរវល់។
ប្រភពពីអ្នករត់ម៉ូតូឌុបនៅក្បែរពហុព្យាបាលឯករាជបានឲ្យដឹងថា យុវជនរូបនោះដើរចូលពេទ្យតែមួយភ្លែតហើយដើរចេញពីពេទ្យទៅបាត់។
ប្រភពពីយុវជនដែលបានលោតចុះពីលើផ្ទះល្វែងបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានឈ្លោះគ្នាជាមួយបងប្អូននៅលើផ្ទះល្វែងជាន់ទី៣ ដោយខ្លាចបងប្អូនធ្វើបាប ក៏សម្រូតខ្លួនចុះតាមខ្សែ ពីជាន់ទី៣ រហូតមកដល់ដំបូលសង្ក័សី ដែលនៅក្បែរនិងខាងមុខផ្ទះល្វែងនោះហើយលោតចុះតែម្តង ហើយយុវជនខាងលើបានប្រាប់ទៀតថាខ្លួនមកលេងកន្លែងកើតហេតុខាងលើនេះ ២ទៅ៣ថ្ងៃមកហើយ។
គួររំលឹកថា យុវជនខាងលើហាក់និយាយមិនសូវប្រក្រតីដែលអ្នកនៅក្បែរកន្លែងកើតហេតុសង្ស័យថាគាត់បែកថ្នាំ។
ក្រោយពីកើតហេតុប្រជាពលរដ្ឋដែលចោមរោមមើលក៏បែកគ្នាអស់ទៅចំណែកយុវជនខាងលើក៏បានដើរចេញពីកន្លែងកើតហេតុផងដែរ៕


https://youtu.be/I_nNKouzaWc
មតិយោបល់