ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ត្រូវឡង់គ្រឺស័របុកពេញទំហឹងស្លាប់មួយរំពេច តាមបណ្តោយផ្លូវជាតិលេខ៤!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡង់គ្រឺស័រមួយគ្រឿង បើកបុកជាមួយនឹងម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម៉ូតូវិញកល់ជាប់នៅខាងក្រោមរថយន្ត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៣-១៧៤ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2V-7886 អ្នកបើកបរដោយឈ្មោះ សាន កុកអាន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខណ្ឌចម្ការមន រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-2047 បើកបរដោយបុរសម្នាក់ឈ្មោះ នួន ប្រុស ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបត់ឆ្លងកាត់ផ្លូវ ចូលចំណែករថយន្ត ជាហេតុធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពេញ ទំហឹងកិនពីលើម៉ូតូកល់ជាប់នៅខាងក្រោមរថយន្ត ចំណែកអ្នកបើកបរម៉ូតូវិញ ត្រូវរថយន្តបុកពេញទំហឹង ផ្លោងធ្លាក់ទៅលើដងផ្លូវរងរបួសធ្ងន់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គញរឿង រួមនឹងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់