ភ្នំពេញៈ មនុស្ស០៤នាក់ ជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយ និងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីធ្វើការបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនធំ។
ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួល ផ្លូវលំក្រុម០៣ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ អៀង គឹមហ៑ន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២.ឈ្មោះ សៀន ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកាត់ដេរស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣.ឈ្មោះ ហ៊ឹម ចាន់រតនៈ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង៤.ឈ្មោះ ចាន់ លីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ គឺកម្លាំងព្រហ្មទណ្ឌខណ្ឌកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យ២នាក់ឈ្មោះអៀង គឹមហ៊ន និងឈ្មោះ សៀន ដារ៉ូ ជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមមឺរ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FI-6193 គួរឲ្យសង្ស័យក៏បើកតាមពីក្រោយរហូតមកដល់ចំណុចខាងលើឃើញជនសង្ស័យនាំគ្នាឡើងទៅលើបន្ទប់ជួលមួយសន្ទុះឃើញចេញមកវិញ ក៏ហៅត្រួតពិនិត្យរកឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លា២កូនថង់តូចនៅជាប់ខ្លួនឈ្មោះ អៀង គឹមហ៊ន ទើបឃាត់យកមកសាសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។
ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីឃាត់សាកសួរជនសង្ស័យបានប្រាប់ថាខ្លួនមានមិត្តភក្តិ០២នាក់ទៀតនៅក្នុងបន្ទប់ផ្ទះជួលខាងលើពេលនោះសនត្ថកិច្ចបានសុំគោការថ្នាក់លើហើយបានទៅឆែកទីតាំងខាងលើឃាត់ខ្លួនបានបក្ខពួកបន្ថែម២នាក់ទៀត និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើជារបស់ខ្លួនពិតប្រាកដមែន ដោយពួកខ្លួនបានទិញនៅម្តុំរោងចក្រឆ្នាំងក្នុងខណ្ឌទួលគោកគោលបំណងយកមកប្រើប្រាស់ប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែខសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕





មតិយោបល់