ព័ត៌មានជាតិ

ដោយសារមិនចង់ឲ្យប្រពន្ធកូនលំបាកដោយសារខ្លួន! បុរសម្នាក់បាត់ពីផ្ទះ៣ថ្ងៃ បែរជាប្រទះឃើញចងកស្លាប់លើដើមឈើទៅវិញ!

កណ្តាលៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅលើដើមឈើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សាកសពជនរងគ្រោះមានឈ្មោះ អោក ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរកសិករ មានជំងឺប្រចាំកាយយូរមកហើយតែព្យាបាលមិនជា ដោយមានប្រពន្ធឈ្មោះ ឆែម ផាត អាយុ៤១ឆ្នាំ ពិការជើង និងមានកូនប្រុសម្នាក់ឈ្មោះ ធឿន ធុល អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល ជនរងគ្រោះបានធ្វើដំណើរពីផ្ទះនៅភូមិព្រែកជ្រូកឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកលេងផ្ទះរបស់ឈ្មោះ យ៉ែម ថៃ ភេទស្រី អាយុ៨១ឆ្នាំ ស្នាក់នៅភូមិចន្លក់ឃុំគគីរ ស្រុកកៀន ស្វាយខេត្តកណ្តាល (ត្រូវជាម្តាយមីង) ហើយស្នាក់នៅរយៈពេល២ថ្ងៃ ក្នុងរយៈពេលស្នាក់នៅជនរងគ្រោះមានសភាពស្រគត់
ស្រគំ មិនសូវនិយាយស្តី រួចក៏ចាកចេញពីផ្ទះ ឈ្មោះយ៉ែម ថៃ បាត់ រហូតដោយមិនបានប្រាប់ម្ចាស់ផ្ទះ។ លុះដល់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧វេលាម៉ោង៧និង៣០នាទី មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ចក់ សេង ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ បានមកបាញ់ថ្នាំដំណាំននោង នៅក្បែរចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមដង្គៀបក្តាមក្នុងដីឡូត៍របស់ឈ្មោះមាស ធន ភេទប្រុស អាយុ៦០ឆ្នាំទីលំនៅភូមិឃុំកើតហេតុ សាកសពមានសភាពហើមស្អុយរួចក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចនិងក្រុមគ្រួសារសព ។

តាមការបំភ្លឺពីឈ្មោះឆែម ផាត ជាប្រពន្ធជនរងគ្រោះថា ប្តីរបស់គាត់មានជំងឺប្រចាំកាយហើយបានចាកចេញពីផ្ទះតាំងពីថ្ងៃទី១៩ ខែមិថុនា ២០១៧មកម្ល៉េះដោយ
មិនបានប្រាប់គាត់ជាប្រពន្ធថាទៅណាទេគ្រាន់តែផ្តាំផ្ញើអ្នកជិតខាងថាជួយមើលប្រពន្ធកូនខ្ញុំផង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់