ព័ត៌មានអន្តរជាតិ

Update៖ ក្តីសង្ឃឹមដ៏អាប់អួរ នៅក្នុងការស្វែងរកអ្នកបាត់ខ្លួន ៩៣ នាក់ បន្ទាប់ពីករណីរអិលបាក់ដីនៅចិន

ចិនៈ ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បានជីកថ្ម និងដី ដើម្បីស្វែងរកមនុស្សជាង ៩០ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីករណីបាក់ផ្ទាំងដីដ៏ធំ បានរលំកប់ភូមិមួយ នៅភាគនិរតីនៃប្រទេសចិន ខណៈដែលសាច់ញាតិជនរងគ្រោះមួយចំនួន បានបាត់បង់ក្ដីសង្ឃឹម ចំពោះការស្វែងរកពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពពីរដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ ត្រូវបានអះអាងថា ស្លាប់មួយថ្ងៃបន្ទាប់ពីផ្ទាំងដីបានរលំកប់លំនៅដ្ឋានចំនួន ៦២ ខ្នង នៅក្នុងភូមិ Xinmo ជាភូមិភ្នំមួយ ដែលមានទេសភាពស្រស់ស្អាត ស្ថិតនៅតាមដងទន្លេខេត្តស៊ីឈួន។

នៅក្នុងហេតុការណ៍រអិលបាក់ដីនេះ គឺមានអ្នករស់រានមានជីវិតតែបីនាក់ប៉ុណ្ណោះ រួមមាន ប្តីប្រពន្ធ និងទារកអាយុមួយខែ ដែលត្រូវបានគេរកឃើញ ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង បាននាំយកផ្ទាំងដីដ៏ធំបាក់រលំចុះពីភ្នំ នៅតំបន់ទីបេ និង Qiang កប់ភូមិមួយកាលពីព្រឹកថ្ងៃសៅរ៍។

គួរបញ្ជាក់ដែរថា អ្នកឯកទេសភូគព្ភសាស្ដ្រ នៅតំបន់នោះ បាននិយាយថា ការស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងហេតុការណ៍នេះ គឺពិតជាមានសង្ឈឹមតិចតួចណាស់៕

មតិយោបល់