ភ្នំពេញៈ រថយន្ដធន់ធំ ដឹកថ្មមួយគ្រឿងរបស់ក្រុមហ៊ុនស្រេងដឹកជញ្ជូន ដែលមានលេខសម្គាល់លើក្បាលរថយន្ត១៨៦ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ដកូរ៉េដឹកទំនិញពីក្រោយពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្ដកូរ៉េដឹកទំនិញក្រឡាប់ផ្ងារជើងឡើងលើចិញ្ចើមផ្លូវ រងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្សារអ៊ីខាង តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AF-4037 ដឹកទំនិញពេញប្រៀបធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចខាងមុខផ្សារអ៊ីខាង ស្រាប់តែមានរថយន្ដធន់ធំដឹកថ្មមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនស្រេងដឹកជញ្ជូន មានលេខសម្គាល់លើក្បាលរថយន្ត១៨៦ ពាក់ស្លាកលេខ ភ្នំពេញ 3A-2356 ចំណែកកន្ទុយខាងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-2255 ធ្វើដំណើរស្របគ្នាជាមួយរថយន្ដកូរ៉េបើកក្នុងល្បឿនលឿនបានមកបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ដកូរ៉េក្រឡាប់ផ្ងារជើងឡើងលើចិញ្ចើមផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។ចំណែករថយន្ដបង្កវិញរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ ហើយពេលបង្កហេតុហើយនោះ តៃកុងរថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ដនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់