អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានស្វាគមន៍ចំពោះសេចក្តីសម្រេច របស់តុលាការកំពូល ដែលអនុញ្ញាតឲ្យបម្រាមហាមឃាត់ការធ្វើដំណើររបស់លោក ត្រូវបានអនុវត្តទ្បើងវិញ ដែលវាជាផ្នែកមួយនៃជ័យជំនះ សម្រាប់សន្តិសុខរបស់អាមេរិក ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
តុលាការកំពូលរបស់អាមេរិក បានយល់ព្រមទទួលយកការស្នើរបស់សេតវិមាន ដែលជាផ្នែកមួយអនុញ្ញាតឲ្យបម្រាមហាមប្រាមជនភៀសខ្លួនរបស់ប្រធានាធិបតីចូលជាធរមាន។
ក្រុមចៅក្រម បាននិយាយថា ពួកគេនឹងពិចារណាការស្នើនេះ នាខែតុលាខាងមុខ ថាតើគោលនយោបាយរបស់លោក ត្រាំ គួរតែត្រូវបានលើកឡើង ឬក៏ត្រូវបញ្ឈប់។
សូមជំរាបថា បម្រាមរបស់លោក ត្រាំ គឺហាមឃាត់រយៈពេល ១២០ ថ្ងៃទៅលើជនភៀសខ្លួន និង ៩០ ថ្ងៃ ទៅលើប្រជាជនមកពីប្រទេសមូស្លីមចំនួនប្រាំមួយ ដូចជាប្រទេសអ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយេម៉ែន មិនឲ្យចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកបានទ្បើយ។
ក្នុងនោះដែរលោកប្រធានាធិបតី បានបញ្ជាក់ថា ការហាមឃាត់ភ្ញៀវទេសចរមកពីប្រទេសទាំងនោះ ដោយសារជាប្រទេសដែលងាយរងគ្រោះបំផុត ហើយលោកបានបន្ថែមថា «ខ្ញុំមិនអាចអនុញ្ញាតឲ្យមនុស្ស ចូលមកក្នុងប្រទេសរបស់យើង ដើម្បីចង់ធ្វើឲ្យយើងគ្រោះថ្នាក់នោះទេ» ៕
មតិយោបល់