កណ្ដាលៈ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើងរវាងរថយន្តជាមួយអ្នកថ្មើរជើងដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ទិសដៅភ្នំពេញ អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាអ្នកដើរឆ្លងកាត់ផ្លូវមានឈ្មោះ ផាត ចាន់ទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្ទឹងត្រែង មុខរបរ នគរបាល បច្ចុប្បន្ន ជាសិស្សរៀននៅសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា (រងរបួសបាក់ជើងខាងស្តាំ)។ រថយន្តបង្កម៉ាកCOROLA ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម 2A-1940 បើកបរដោយឈ្មោះនី កន ភេទប្រុស អាយុ៥០ឆ្នាំ (ជនជាតិថៃ) ស្នាក់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខាងលើ ភាគីខាងរថយន្តបើកបរក្នុងទិសដៅពីកើតមកលិចអ្នកលឿងភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុក៏បានប៉ះជនរងគ្រោះដែលដើរឆ្លងផ្លូវពីត្បូងទៅជើង ក្នុងស្ថានភាពមេឃកំពុងភ្លៀងហើយយប់ងងឹតផងជនរងគ្រោះមើលមិនឃើញភ្លើងរថយន្តក៏ឈប់នៅចំកណ្ដាលផ្លូវស្របពេលរថយន្តបង្កបើកមកដល់គេចមិនផុតក៏ប៉ះលើជនរងគ្រោះនៅផ្នែកចំហៀងខាងឆ្វេង(ចំកញ្ចក់ចំហៀងខាងឆ្វេង) បណ្ដាលឲ្យដួលបោកលើរថយន្តហើយធ្លាក់ចុះមកថ្នល់បាក់ជើងខាងស្ដាំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្ដិដឹកយកទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកឯមិត្តភក្ដិរបស់ជនរងគ្រោះផ្សេងទៀតបានជួយឃាត់រថយន្តនិងអ្នកបើកបរមកប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដីឥដ្ឋ។
ចំពោះករណីខាងលើនេះបណ្ដាលមកពីជនរងគ្រោះធ្វេសប្រហែសក្នុងការឆ្លងផ្លូវពេលយប់មិនមានវត្ថុបំភ្លឺផ្លូវ ចំណែកឯរថយន្តបើកបរមិនបានមើលស្ថានភាពខាងមុខបណ្ដាលឲ្យអ្នកដទៃមានគ្រោះថ្នាក់។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បន្តនីតិវីធីនិងនាំខ្លួនអ្នកបើកបរព្រមទាំងយកមធ្យោបាយមកកាន់អធិការដ្ឋាននិងសុំគោលការឃាត់ខ្លួនអ្នកបើកបរថយន្តបង្កបណ្តោះអាសន្ន៕
មតិយោបល់