ឧត្តរមានជ័យៈ មនុស្សមួយក្រុមផឹកស៊ីជាមួយគ្នា ប្រហែលជាប៉ះចំស្រាកាច បង្កជាជម្លោះ ជជែកគ្នាពីមួយទៅមួយ រហូតឈានដល់តឹងសរសៃក រៀងខ្លួន ជនបង្កយកវត្ថុរឹងវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកឈាមហូរស្រោចខ្លួន។
ហេតុការណ៍នេះ ជម្លោះនេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន អេង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ចំណែក ជនបង្កឈ្មោះ ឡុង ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុដូចគ្នា។
របាយការណ៍កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋមួយក្រុម បានជុំគ្នាផឹកស៊ី រួមជាមួយជនរងគ្រោះ និងជនបង្កផងដែរ ការផឹកស៊ី ចេះតែបន្ត ជជែកគ្នាពីមួយទៅមួយរហូតដល់ជនរងគ្រោះ និងជនបង្ក ទាល់សម្តីគ្នា រហូតឈានដល់តឹងសរសៃក រៀងខ្លួន ជនបង្កក៏បានយកវត្ថុរឹងម្យ៉ាង មកវាយក្បាលជនរងគ្រោះខាងឆ្វេង បណ្តាលឲ្យបែកឈាមហូរស្រោចខ្លួន រួចហើយក៏រត់គេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញកំពុងដាក់កម្លាំងតាមចាប់ជនបង្ក ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់