ព័ត៌មានជាតិ

រឿងលុយក្លែងក្លាយ ធ្វើឲ្យអ្នកបើកម៉ូតូកង់បីឥណ្ឌា និងស្រ្តីជាភ្ញៀវម្នាក់ ឈ្លោះគ្នាផ្អើលពេញផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ចោទប្រកាន់ស្ត្រីវ័យចំណាស់ជាភ្លៀវម្នាក់ថា បន្លំធ្វើចរាចរណ៍លុយក្លែងក្លាយ ខណៈស្ត្រីដែលជាភ្ញៀវបានអះអាងថា ខ្លួនច្រឡំឲ្យលុយសែនតែប៉ុណ្ណោះ បង្កឲ្យកើតមានជម្លោះឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ ត្រង់ចំណុចក្បែរវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីពីបុរសឈ្មោះ ស៊ីណេត អាយុ ២៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានបើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក បាចា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-6222 ដោយបើកដើររកដឹកភ្ញៀវនៅតាមដងផ្លូវហើយ ខណៈពេលដែលបើកមកដល់អតីតរង្វង់មូលទួលគោកក៏ជួបនិងស្ត្រីខាងលើ បានហៅបុរសនោះឲ្យដឹករូបនាងទៅផ្សារសាមគ្គី ដោយមិនបាននិយាយពីតម្លៃដឹកនោះទេ ហើយពេលដែលដឹកទៅដល់ចំណុចផ្សារសាមគ្គីស្ត្រីនោះក៏ប្រាប់ឲ្យបុរសជាអ្នកបើកម៉ូតូកង់បីធ្វើការដឹកទៅចំណុចកើតហេតុជាបន្តទៀត។ លុះពេលមកដល់ចំណុចកើតហេតុស្ត្រីរូបនោះ ក៏បានហុចក្រដាសប្រាក់5$ ដែលជាក្រដាសប្រាក់ក្លែងក្លាយឲ្យទៅបុរសខាងលើ។ ពេលនោះបុរសជាអ្នកបើកម៉ូតូកង់បីក៏បានដឹងថា ជាក្រដាសប្រាក់ក្លែងក្លាយរួចក៏បានហុចត្រឡប់ទៅស្ត្រីនោះវិញ ដោយប្រាប់ ទៅនាងថា”ក្រដាស់ប្រាក់នេះរហែកហើយមានក្រដាសផ្សែងឬអត់”។ បន្ទាប់មកស្ត្រីនោះក៏បានហុចក្រដាសប្រាក់5$មួយសន្លឹកទៀត ដែលជាក្រដាសប្រាក់ក្លែងក្លាយ ឲ្យទៅបុរសខាងលើម្តងទៀត។ ហើយធ្វើឲ្យបុរសដែលជាអ្នកបើកម៉ូតូកង់បីទប់កំហឹងមិនបាន ក៏ដេញស្ត្រីរូបនោះឲ្យចុះពីលើម៉ូតូកង់បីរបស់ខ្លួនដោយស្រែកប្រាប់ថា”នាងឯងកុំចង់យកលុយក្លែងក្លាយមកបោកអញ”។ បន្ទាប់មកស្ត្រីនោះក៏បានស្រែកទៅវិញ”លុយក្លែងក្លាយស្អីគេ”។និងបានចោទប្រកាន់ថា បុរសជាអ្នកបើកម៉ូតូកង់បីនិយាយមើលងាយខ្លួនរួចក៏កើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក តែមិនបណ្ដាលឲ្យមានរបួសនោះទេ។ ភ្លាមៗនោះស្ត្រីខាងលើក៏បានព្យាយាមដើរគេចខ្លួនចេញពីកន្លែងកើតហេតុ ទៅតាមបណ្តាលផ្លូវ២៥៣ បានចម្ងាយប្រមាណ ២០ម៉ែត្រ ពីកន្លែងកើតហេតុក៏ត្រូវបុរសខាងលើ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍តែម្តង។

បើតាមសម្តីពីស្ត្រីដែលជាភ្ញៀវខាងលើមិនបានបញ្ចេញឈ្មោះនោះទេគ្រាន់តែប្រាប់ថា ក្រដាសប្រាក់ក្លែងក្លាយទាំងនោះ គឺនាងទុកយកទៅដុតនៅខាងមុខព្រះបរមរាជវាំង ដើម្បីរំដោះគ្រោះព្រោះមានគ្រូទាយថា ឆ្នាំនេះនាងមានគ្រោះធំហើយទល់តែនាងដុតក្រដាសប្រាក់សែនទើបអាចរំដោះគ្រោះនេះបាន។ ហើយក្រដាសប្រាក់ក្លែងក្លាយដែលនាងឲ្យទៅបុរសខាងលើ គឺនាងច្រឡំនោះទេ ហើយភ្លាមៗនោះនាងបានឲ្យក្រដាសប្រាក់ពិតទៅបុរសខាងលើវិញដែល តែបុរសនោះមិនព្រមយក។

បន្ទាប់ពីស្ត្រីរូបនោះឆ្លើយប្រាប់រួចមកនាងក៏បើកកាបូបនិងកន្ត្រកលុយដែលមានក្រដាសប្រាក់ពិតមួយចំនួននិងក្រដាសប្រាក់ក្លែងក្លាយចំនួន4សន្លឹកក្នុងនោះក្រដាស20ដុល្លារមួយសន្លឹកនិង5ដុល្លារបីសន្លឹក។

ក្រោយពេលកើតហេតុដោយបុរសជាអ្នកបើកបរម៉ូតូកង់បីខាងលើ មិនចង់មានរឿងវែងឆ្ងាយក៏បានបើកម៉ូតូកង់បីចាកចេញពីកន្លែងកើតហេតុ ដោយមិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ច ឬក៏ទាមទារថ្លៃដឹកពីស្ត្រីខាងលើនោះទេ ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ និងឲ្យស្ត្រីខាងលើត្រឡប់ទៅវិញផងដែរ៕

មតិយោបល់