ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកធ្វើការក្នុងនេះប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយការចងកសម្លាប់ខ្លួនឯងនៅជាន់ទី២ បន្ទប់លេខ៨។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ១១៤ យីហោ (Karaoke គ្រួសារ My Love 169) តាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពមានឈ្មោះ LAI THAI HIEU ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ចុងភៅក្នុងហាង ស្នាក់នៅទីតាំងកើងហេតុខាងលើ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានឈ្លោះគ្នាជាមួយប្រពន្ធដើមយ៉ាងខ្លាំង ខណៈដែលជនរងគ្រោះបានដើរឡើងទៅជាន់ទី២ ហើយក៏ចូលទៅក្នុងបន្ទប់លេខ៨បាត់រហូត។
លុះដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃដដែរនោះ ប្រពន្ធដើមរបស់ជនរងគ្រោះបានដើរឡើងទៅលើ ដើម្បីហៅប្តីរបស់គេ ខណៈដែលទៅដល់ក្នុងបន្ទប់លេខ៨ ក៏ប្រទះឃើញប្តីរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពីកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលសាកសព ហើយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យមើល។
ក្រោយពីធ្វើការពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែការចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់