កណ្ដាលៈ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនក្រុមចោរ ប្លន់ ឆក់ លួច និងគាស់ផ្ទះយ៉ាងកក្រើក ចំនួន៣ខេត្ត បណ្តោះអាសន្នក្រោមបទចោទប្រកាន់ពីបទ(ចូលរួមសហគមនៃជនទុច្ចិរិត និងប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាថ៏ សម្រាប់អាជ្ញាធរសាធារណៈ) ដែលប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៤៩៩ និងមាត្រា៦១២នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស២ឆ្នាំ១ខែ ទៅ៦ឆ្នាំ ។


មន្ត្រីព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនត្រូវចោទទាំង២ដែលត្រូវលោកចៅក្រមសម្រេចឃុំខ្លួន ទី១ឈ្មោះ រិន សារិទ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិលាស់ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង និង ទី២ឈ្មោះ ឡាំង វុត្ថា ហៅថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តកណ្ដាល ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ ឆក់ លួច និងគាស់ផ្ទះយ៉ាងកក្រើក នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង សរុបជាង២០ករណី និងមានបក្ខពួកសរុបរហូតដល់ជាង២០នាក់ឯណោះ ហើយយកបានម៉ូតូជិត២០គ្រឿង។ ប៉ុន្តែនៅដំណាក់កាលនេះ កម្លាំងនគរបាលបានចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលជាដៃដល់ និងមេកើយផងដែរ ហើយក្រុមទាំងនេះ ក៏បានបន្លំឯកសណ្ឋានជាកងកម្លាំង យោធា និងកម្លាំងអាវុធហត្ថដែលធ្វើឲ្យប៉ះពាល់ ដល់មុខមាត់យ៉ាងខ្លាំង ចំពោះកងកម្លាំងប្រដាប់អាវុធស្របច្បាប់របស់រាជរដ្ឋាភិបាល។

បើតាមលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីនគរបាលរបស់លោក បានសួរចម្លើយអស់ហើយ និងបានបញ្ជូនខ្លួនទៅកាន់តុលាការផងដែរ ដើម្បីចាត់ការបន្តទៀត ខណៈបក្ខពួកដែលនៅសេសសល់ ក្នុងនោះក៏សង្ស័យជាប់ពាក់ព័ន្ធនឹង មន្រ្តីសមត្ថកិច្ចខ្លះនោះ គឺកម្លាំងរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅដល់ការចាប់ខ្លួន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ជនសង្ស័យទាំង២នាក់ដែលកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមមាន៖ ឈ្មោះ រិន សារិទ្ឋ និងឈ្មោះ ឡាំង វុត្ថា ហៅថា (ក្លែងឈ្មោះ សន សំនៀង)។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រយៈពេលប៉ុន្មានថ្ងៃ មកហើយ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយនៅពេលនេះក្រោយពីការសួរនាំគឺកម្លាំងនគរបាលជំនាញ កំពុងតាមចាប់បក្ខពួកក្រុមជនសង្ស័យបន្តបន្ទាប់ទៀត ដែលកំពុងរត់គេចខ្លួន។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រុមជនសង្ស័យទាំងអស់នេះ បានធ្វើសកម្មភាពប្លន់ ឆក់ លួច និងគាស់ផ្ទះយ៉ាងច្រើនករណីនៅ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងជាដើម។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រិន សារិទ្ធ បានសារភាពថា រូបគេបានធ្វើសកម្មភាពប្លន់ចំនួន២១លើក រួមមាន៖ ១.ខេត្តកណ្តាលចំនួន៤លើក យកម៉ូតូបាន៣គ្រឿង, ២.ខេត្តកំពង់ស្ពឺចំនួន១០លើក យកម៉ូតូបាន៩គ្រឿង, គាស់ផ្ទះ១លើក និងបុកទូមាស១លើក (មិនបានសម្រេច), ៣.ខេត្តព្រៃវែងចំនួន៤លើក យកម៉ូតូបាន៤គ្រឿង និង៤.ភ្នំពេញឆក់ចំនួន៣លើក ដែលសកម្មភាពទាំងនេះមានការចូលរួមពីបក្ខពួកចំនួន១០នាក់ផ្សេងទៀតផងដែរ។

ដោយឡែកជនសង្ស័យឈ្មោះ ឡាំង វុត្ថា ហៅ ថា ធ្វើសកម្មភាពប្លន់ចំនួន៤លើករួមមាន៖ ១.ខេត្តកំពង់ស្ពឺចំនួន៣លើក យកម៉ូតូបាន១គ្រឿង, គាស់ផ្ទះ១លើក បុកទូមាស១លើក (មិនបានសម្រេច),២.ខេត្តព្រៃវែងចំនួន១លើក យកម៉ូតូបាន១គ្រឿង ហើយបក្ខពួកដែលចូលរួមធ្វើសកម្មភាព គឺឈ្មោះ រិន សារិទ្ធ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ នៅភូមិសំបូរ ឃុំសំបូរ ស្រុបាធាយ ខេត្តកំពង់ចាម និង២.ឈ្មោះ ឃឿន ភេទប្រុស អាយុ២២ឆ្នាំ និងបក្ខពួកមួយចំនួនទៀត។

លោកឧត្តមសេនីយ៍បានបន្ថែមថា ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវ ប្រមែប្រមូលភស្តុតាង ជុំវិញរឿងហេតុខាងលើ កម្លាំងជំនាញអាចធ្វើការសន្និដ្ឋានបានថា ចំពោះជនសង្ស័យឈ្មោះ រិន សារិទ្ធ និងឈ្មោះ ឡាំង វុត្ថា ហៅថា (ក្លែងឈ្មោះ សន សំនៀង) ពិតជាបានចូលរួមសមាគមនៃជនទុច្ចរិត និងបានក្លែងឯកសណ្ឋានមូលដ្ឋាន អាវុធហត្ថ និងកងខេមរភូមិន្ទព្រមទាំងបក្ខពួកចំនួន៩នាក់ទៀតផងដែរ៕






មតិយោបល់