ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់តូចធំ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញៈ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ស្តែងនៅក្នុងផ្សារតាប៊ុន។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះ ណាត ផាយុទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ស្នាក់នៅចំណុចផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលចុះបង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានធ្វើការជិះល្បាត ខណៈដែលជិះមកដល់ចំណុចផ្លូវលំ ក៏បានប្រទះឃើញជនសង្ស័យ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅឲ្យឈប់ តែបែរជាជនសង្ស័យមិនព្រមឈប់ ហើយថែមទាំងរត់គេចទៀតនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាមចាប់ជនសង្ស័យខាងលើ ព្រមទាំងបានឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន ២២កញ្ចប់ ដោយក្នុងនោះមាន មួយកញ្ចប់ធំ និងកូនកាំបិតតូចចំនួន ១ដើម ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់