ភ្នំពេញៈ ជនង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេនិងបក្ខពួកប្រើល្បិចចូលទិញកាហ្វេ រួចធ្វើសកម្មភាពលួចម៉ូតូZoomer-X មួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ សយ សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែ វរួមដំណើរដោយជនសង្ស័យម្នាក់ទៀត ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-0251។ ចំណែកជនរងគ្រោះឈ្មោះ កុយ ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវជា
ម្ចាស់ម៉ូតូម៉ាកZoomer-X ពណ៌ទឹកប្រា ក់ពាក់ស្លាកលេខ ភ្នំពេញ 1SK-7647។
តាមសម្តីសាច់ញាតិជនរងគ្រោះឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកZoomer-X ខាងលើនៅមុខបន្ទប់ក្បែរកន្លែងគេលក់កាហ្វេ ដោយមិនបានដកសោចេញនោះទេ។ ក្រោយមកស្រាប់មានសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិចខាងលើចូលមកទិញកាហ្វេ១កែវនៅក្បែរផ្ទះជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យម្នាក់បានចូលមកទិញកាហ្វេមួយកែវ តែអ្នកលក់មិនទាន់បានលក់ឲ្យផង ក៏ឃើញម៉ូតូZoomer-X នៅក្បែរនោះក៏ជិះគេចខ្លួនទៅទិសខាងជើងបាត់។ ភ្លាមនោះជនសង្ស័យម្នាក់ខាងលើដែលនៅចាំបក្ខពួកធ្វើសកម្មភាពបម្រុងជិះម៉ូតូម៉ាកនិចដែលខ្លួនជិះមកគេចខ្លួនដែរ តែគេចមិនរួច ត្រូវសាច់ញាតិនិងម្ចាស់ម៉ូតូចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់