ព័ត៌មានជាតិ

កម្ពុជា​៖ ការនាំ​ចេញ​ដំឡូង​មី​ធ្លាក់ចុះ ៥៦%​នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​

កម្ពុជា​បាន​នាំ​ចេញ​នូវ​ដំឡូង​មី ស្រស់ និង​ស្ងួត ចំនួន ២៨៨.៣០០​តោន នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ ដោយ​ធ្លាក់​ចុះ ៥៦​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​តួលេខ​នេះ​បានមកពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា ការនាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​បង្កើតបាន​ប្រាក់​ចំណូល​សរុប ១៥,២​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​រយៈ​ចន្លោះ​ខែ​មករា-​សីហា នៃ​ឆ្នាំ ២០១៣ ដោយ​ធ្លាក់​ចុះ​ពី ៣៤,៥​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ទីផ្សារ​ចម្បង​ដែល​កម្ពុជា​នាំ​ចេញ​ដំឡូង​មី គឺមានដូចជា​ប្រទេស​ថៃ វៀតណាម កូរ៉េខាងត្បូង និង​ប្រទេស​ចិន​។​

​លោក សោម យិន នាយក​ក្រុមហ៊ុន​ម៉ាឡៃ​ត្រេ​ឌី​ង និង​ជា​ឈ្មួញកណ្ដាល​ក្នុង​ការនាំចេញ​ដំឡូង​មី​ទៅ​កាន់​ទីផ្សារ​ប្រទេសថៃ បានឲ្យដឹងថា កាលពី​ឆ្នាំ​កន្លង​ទៅ​កសិករ​ខ្លះ​បាន​បោះបង់ចោល​នូវ​ការ​ដាំដំឡូង​មី និង​ងាក​មក​ដាំពោត​ជំនួស​វិញ ដោយសារតែ​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​ទីផ្សារ​ដំឡូង​មី​នៅក្នុង​ប្រទេស​។​

“​បច្ចុប្បន្ននេះ ដំឡូង​មី​របស់​យើង​គឺ​ពឹង​ផ្នែក​ទៅ​លើ​ទីផ្សារ​ជិតខាង​ដូចជា​ប្រទេស​ថៃ និង​វៀតណាម​”​។ នេះ​ជា​សម្ដី​របស់​លោក សោម យិន បញ្ជាក់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ តម្លៃ​របស់​ដំឡូង​មី​មិន​ត្រូវបាន​កំណត់​ជាក់លាក់ ឬ​ទៀងទាត់ ដោយ​វា​អាស្រ័យ​ទៅលើ​ម៉ា​ត់របស់​អ្នកទិញ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​កសិក​របាក់​ទឹកចិត្ត ដែល​ហេតុ​ធ្វើឲ្យ​ដំណាំ​ប្រភេទ​នេះ​មិន​លូតលាស់​។​

​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​បាន​នាំចេញ​ដំឡូង​មី​ស្រស់ និង​ស្ងួត​ចំនួន ៧២២.២៥០​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣៨​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ក្រសួង​ពាណិជ្ជកម្ម​៕

cassava

ប្រភព៖ ស៊ិនហួ

មតិយោបល់