ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រីចំនួន១៤នាក់ ដែលឆ្លងដែនមកស្នាក់នៅ និងធ្វើការងារមិនស្របច្បាប់ នៅក្នុងទឹកដីកម្ពុជា ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចុះធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួនបាននៅ ចំណុច២គោលដៅផ្សេងគ្នា ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះប្រមូលជនអន្តោប្រវេសន៍វៀតណាមនេះ ធ្វើឡើងចំនួន ២ទីតាំងផ្សេងគ្នា ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានចុះត្រួតពិនិត្យគោលដៅទី១ ស្ថិតនៅចំណុចផ្ទះបែលើទឹក ភូមិខ សង្កាត់ច្រាំងចំរេះ២ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៣នាក់ ក្នុងនោះស្រីម្នាក់ និងគោលដៅទី២ ស្ថិតនៅចំណុចកំពង់ដរច្រាំងចំរេះ២ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១១នាក់ ក្នុងស្រី ២នាក់។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ១៤នាក់ខាងលើ បានចូលមកស្នាក់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា ដោយពុំស្របច្បាប់។
ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បើអ្នកដែលមានឯកសារត្រឹមត្រូវសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់មកកន្លែងស្នាក់នៅវិញ តែចំពោះអ្នកគ្មានលិខិតស្នាម សមត្ថកិច្ចនឹងកសាងសំណុំឯកសារបញ្ជូនទៅប្រទេសកំណើតវិញ៕
មតិយោបល់