ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! ជិះម៉ូតូលឿនពេកបុកអ្នកដើរថ្មើរជើង ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ម្តាយបានត្រឹមតែយំឱបសពកូន

ភ្នំពេញ: យុវជន៣ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូចទៅបុកនឹងអ្នកដើរថ្មើរម្នាក់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណចអាធ័មនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនទាំង៣នាក់នេះ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-9181បើកបរក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

អ្វីដែលរន្ធត់ចិត្តនោះ គឺម្ដាយជនរងគ្រោះដែលស្លាប់បានយកយំបោកខ្លួន ឱបសពកូនជាទីស្រលាញ់ ដែលមានឈ្មោះ ទៀង ចាន់ណារិន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ពង់ទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិព្រះស្រែក្រោមឃុំវិហាលួង ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។

ក្រោយពេលកើតហេតុសពត្រូវបានយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំក្រុមគ្រួសារយកឯកសារពាក់ពន្ធមកយកម៉ូតូវិញ ៕

មតិយោបល់